ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម ប្រកាសថា នឹងបន្តជួយបណ្ដុះបណ្ដាលជំនាញ សរសេរព័ត៌មាន ដល់អ្នកសារព័ត៌មានកម្ពុជាបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៨ — ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម បានប្រកាសថា​ នឹងបន្តជួយបណ្ដុះបណ្ដាល ជំនាញ សរសេរព័ត៌មាន ដល់អ្នកសារព័ត៌មានកម្ពុជាជាបន្តបន្ទាប់ ដើម្បីចូលរួមលើកកម្ពស់ សមត្ថភាពរាយការណ៍ព័ត៌មានក្នុងព្រឹត្ថិការណ៍ធំៗ។  ថ្លែងក្នុងពិធីបិទវគ្គបំប៉នសមត្ថភាពធ្វើកាសែតអំពីព្រឹត្តិការណ៍ធំៗ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រងហូជីមិញ នៃប្រទេសវៀតណាម ឯកឧត្តម ងៀន ថាយ ធៀន អគ្គនាយក​រងកាសែត ទទួលបន្ទុកផ្នែកខាងបណ្តុះបណ្តាលសហប្រតិបត្តិការអន្តរជាតិ របស់ក្រសួងព័ត៌​មានវៀតណាម បានមានប្រសាសន៍ថា ការយល់ដឹងពីវិធីសាស្ត្រនៃការសរសេរព័ត៌​មានក្នុង​ព្រឹត្ថិការណ៍ធំៗ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកយកព័ត៌មាន ក្នុងការរាយ ការណ៍ព័ត៌មានឱ្យបានច្បាស់លាស់ ដល់សាធារណជន។ ឯកឧត្តមបន្តថា ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម នឹងបន្តសហការជាមួយក្រសួងព័ត៌មានកម្ពុជា បង្កើតឱ្យមាននូវវគ្គ​បណ្ដុះបណ្ដាលជំនាញសរសេរព័ត៌មានវគ្គខ្លី និងវែងជាបន្តបន្ទាប់ដល់អ្នកសារព័ត៌មាន រវាង ប្រទេសទាំងពីរ អាចផ្លាស់ប្ដូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក។
លោក ងឿន ច័ន្ទលីន ប៉ូឡែន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មានកម្ពុជា បានលើកឡើងថា ឆ្លងកាត់ការសិក្សារៀនសូត្រ និងផ្លាស់ប្តូរយោបល់ តាមរយៈការចែករំលែកនូវបទពិសោធន៍ផ្សេងៗគ្នា និងដំណើរទស្សនកិច្ចសិក្សានៅតំបន់​សំណង់ទំនប់ស្កាត់ និងទប់ទឹក នៅទីក្រុងហូជីមិញ របស់សិក្ខាកាមរួចមក វាកាន់តែធ្វើឱ្យអ្នក​សារព័ត៌មានកម្ពុជា បានយល់បន្ថែមនូវរបៀបនៃការសរសេរ និពន្ធអត្ថបទ ការសិក្សាឈ្វេង​យល់ពីរបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋវៀតណាម ពិសេសសាមគ្គីភាពរវាងបុគ្គល និងបុគ្គលដែលមកពីស្ថាប័នផ្សេងគ្នារបស់កម្ពុជា។លោកបានស្នើដល់សិក្ខាកាមជាអ្នក សារព័ត៌​មានទាំងអស់ ត្រូវយកនូវចំណេះដឹងថ្មីៗដែលបានសិក្សា ឈ្វេយល់រយៈពេលប៉ុន្មាន ថ្ងៃនេះនៅក្នុងប្រទេសវៀតណាម ចែករំលែកជូនដល់សហសេវិក និងមិត្តរួមការងាររបស់ខ្លួន ដើម្បីបានជាប្រយោជន៍ក្នុងការបំពេញបន្ថែមលើវិជ្ជាជីវៈរបស់ខ្លួននាពេលបច្ចុប្បន្ន និងពេល អនាគត។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីមិត្តវៀតណាម ពិសេស​ក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ដែលតែងតែជួយកម្ពុជារៀងរហូតមកក្នុងកិច្ច សហប្រតិបត្តិការ ភាពជាបងប្អូននៃប្រទេសដែលមានព្រំប្រទល់ជាប់គ្នា លើបច្ចេកទេស ផ្សព្វផ្សាយ និងគមនាគមន៍។
គួរបញ្ជាក់ថា នេះជាវគ្គបណ្ដុះបណ្ដាលលើកទី២ហើយ ក្រោយពីការចុះអនុស្សរណៈ យោគយល់គ្នារវាងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម ក្នុងការពង្រឹងជំនាញសរសេរព័ត៌មាន រវាង​ប្រទេស​ទាំងពីរ សម្រាប់រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០ ៕

ដោយ ម៉ៅ ចរិយា