ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីនេប៉ាល់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ — ក្នុងខណៈអញ្ជើញទៅចូលរួមក្នុងមហា​សន្និ​បា​ត​អង្គការសហប្រជាជាតិ​លើក​​ទី​៧៣ នៅ​​ទី​​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក នារសៀលថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០១៨ សម្តេច​អគ្គម​ហា​សេ​នា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជួប​ពិភា​ក្សា​ការ​ងារ​ទ្វេភាគីជាមួយ ឯកឧត្តម ខាតហ្កា ប្រាសាដ សាម៉ាអូលី (Khadga Prasad Shama Oli) នាយករដ្ឋមន្រ្តីនេប៉ាល់។ប្រភពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេចតេជោបាន​មានប្រ​សា​សន៍​សម្ដែងនូវការរីករាយ ដោយបានជួប​ពិភាក្សា​ទ្វេភាគីជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តី ក្នុង​ឱ​​កា​សនៃការអញ្ជើញចូលរួម មហាសន្និបាត​អង្គការសហប្រជាជាតិ លើកទី៧៣ និងថ្លែងនូវ​ អំ​ណរ​គុណជូនចំពោះប្រទេសនេប៉ាល់ ដែលបានបញ្ជូនអ្នកអង្កេតការណ៍​របស់​ខ្លួន ទៅពិនិត្យ​មើល​ដំណើរការបោះឆ្នោតសកល នីតិកាលទី៦ កាលពីពេលថ្មីៗកន្លងទៅ និង​បានវាយ តម្លៃថា ​ដំណើរ​ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមបែបប្រជាធិប​តេយ្យ និង​លទ្ធ​ផលអាចទទួលយកបាន។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា សម្តេច​បា​ន​​ទទួលសំបុត្រអញ្ជើញពីឯកឧត្តមនាយករដ្ឋមន្រ្តី ក្នុងការអញ្ជើញទៅចូលរួមកិច្ច ប្រជុំគណ​បក្ស​នយោបាយនិយមកណ្តាល នៅប្រទេសនេប៉ាល់ ក្នុងពេលខាងមុខ។ ក្រៅពីការអញ្ជើញ ចូល​រួមកិច្ចប្រជុំគ្នានោះដែរ សម្តេចគ្រោងនឹងបំពេញទស្សនកិច្ចផ្លូវការនៅ​ប្រទេសនេប៉ាល់ ពិ​សេ​សបានអញ្ជើញទៅទស្សនាតំបន់ប្រវត្តិរបស់ព្រះពុទ្ធ ព្រះបរមគ្រូនៃ​យើងផងដែរ។ ក្នុងជំនួ​ប​ពិភាក្សាគ្នានោះដែរ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងការ​បរទេសនៃប្រទេសទាំងពីរ ធ្វើការពិភាក្សាគ្នា ជុំវិញការរៀបចំ​កម្មវិធីនៃដំណើរទស្សនកិច្ច របស់​សម្តេចទៅកាន់ប្រទេសនេប៉ាល់ ដែលគ្រោងធ្វើឡើងនៅ​ចុងខែវិច្ឆិកា និង​ដើមខែធ្នូខាង​មុ​​ខ ពិសេសការរៀបចំនូវកិច្ចព្រមព្រៀង និងការចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីធ្វើការចុះ​ហ​​ត្ថ​​លេខាជាមួយគ្នា ដែលក្នុងអាចមានសេចក្តីប្រកាស រួមនៃដំណើរទស្សនកិច្ច និង​កិច្ចព្រម​ព្រៀង​លើក​លែងទិដ្ឋការលើលិខិតឆ្លងដែនការទូត និងផ្លូវការ កិច្ចព្រមព្រៀងស្តីពីការការ​ពារវិ​និ​យោ​គ អនុស្ស​រណៈស្តីពីការពិគ្រោះពិភាក្សាខាង​នយោបាយ រវាងក្រសួងការបរទេសទាំងពីរ និ​ងកិច្ច​ព្រមព្រៀងស្តីពីការពង្រឹងទំនាក់​ទំនង​សេដ្ឋកិច្ច នយោបាយ វប្បធម៌ នៃប្រទេសទាំងពីរ ។

ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ បានសម្ដែងនូវការអបអរសាទរ ជូន​ចំ​ពោះ​គណបក្ស​ប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះភ្លូកទឹកផ្លូក​ដីពីការបោះឆ្នោតជ្រើស​តាំង​តំណាង​រាស្រ្ត នីតិកាលទី៦ ដែលនាំមកនូវស្ថិរភាពនយោបាយដ៏ល្អសម្រាប់កម្ពុជា។ ជា​មួយ​គ្នានេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានសន្យាថា នឹងរៀបចំទទួលសម្តេចតេជោ​ ក្នុង​ការ​អញ្ជើ​ញទៅ បំពេញ​ទស្សនកិច្ច​នៅប្រទេស​នេប៉ាល់ នៅពេលខាងមុខឱ្យទទួលបានជោគជ័យ​៕

ដោយ ជឹម ណារី