ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញពិសារអាហារការងារជាមួយក្រុមហ៊ុន GE Global Growth នៅសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ — ប្រពភពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងខណៈអញ្ជើញទៅចូលរួមក្នុងមហា​សន្និ​បា​ត​អង្គការសហប្រជាជាតិលើកទី ៧៣ នៅទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិកនោះ កាលពីព្រឹក​ថ្ងៃ​ទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ (ម៉ោងនៅញ៉ូវយក​ សហរដ្ឋអាមេរិក)​ នៅសណ្ឋាគារហ៊ីលថុន សម្តេ​ច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើ​ញ​​ពិសារអាហារពេលព្រឹកជាមួយតំណាងក្រុមហ៊ុន GE Global Growth និង​អញ្ជើញ​ជា​អធិ​ប​តី​ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាស្តីពីការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ២០២០ រវាង​ក​ម្ពុ​​ជា​ និងមូលនិធិ GE។


នៅក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ និងកោតសរសើរ​ចំពោះ​ក្រុមហ៊ុន GE Global Growth ដែលតែងតែមានសហប្រតិបត្តិការល្អជា​មួយរាជរដ្ឋាភិ​បាល​កម្ពុជាលើបញ្ហាសុខភាពរបស់ប្រជាជន។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងតំណាង​ក្រុម​ហ៊ុ​​ន GE Global Growth ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការបន្ត​កិច្ចខិតខំ​ប្រឹង​ប្រែង​រួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការគាំពារសុខុមាលភាព​នៅក្នុង​ប្រ​ទេសកម្ពុជា។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ពស់​នៅ​ក្នុងពិ​ធីចុះហត្ថលេខាលើស្តីពីការវះកាត់ប្រកបដោយសុវត្តិភាព ឆ្នាំ២០២០ រវាងកម្ពុជា និង​មូល​និ​ធិ GE ដែលចុះហត្ថលេខា ដោយ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ និងតំណាងក្រុមហ៊ុន GE Global Growth ដែលនឹងបង្កើនការ​ជួយ​ជាបន្តទៀតដល់ប្រទេសកម្ពុជា ជាពិសេសលើការបណ្តុះបណ្តាល និងការកសាងសម​ត្ថ​ភាព​​ធនធានមនុស្សលើបច្ចេកទេសនៃការវះកាត់ប្រកបដោយសុវត្តិភាព៕

ដោយ ជឹម ណារី