ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣ថា កម្ពុជា បានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ — ក្នុងសន្ទរកថាថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅទី​ក្រុ​ង​​ញូវ​យ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស​ម្ដេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពីប្រទេសដែលល្បីល្បាញ​ក្នុង​ការប្រើប្រាស់អាវុធ ដើម្បីដណ្ដើមអំណាចគ្នា និងក្នុងការផ្លាស់ប្ដូររដ្ឋាភិបាល ឥឡូវនេះ កម្ពុ​ជា​​បានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ ហើយគោរពយ៉ាងមុតមាំនូងគោល ការណ៍​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតដោយទៀងទាត់ សេរី និ​ងយុត្តិធម៌ ដើម្បីផ្ដល់សិទ្ធិឱ្យប្រជាជនអាចជ្រើសរើសមេដឹកនាំប្រទេស។

សម្ដេចតេជោថ្លែងបន្តថា នៅក្នុងកាបោះឆ្នោតសកលដើម្បីជ្រើសតាំងតំណាងរាស្ត្រ​ នីតិ​កាល​ទី ៦ កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ អ្នកបោះឆ្នោតកម្ពុជាជិត ៧ លាននាក់ ឬស្មើ​នឹង ៨៣.០២ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបបានទៅបោះឆ្នោត និងបាន​សម្រេចយកនូវ​ជ​ម្រើ​សនយោបាយរបស់ពួកគេ ដោយសេរី និងដោយគ្មានការបង្ខិតបង្ខំ ឬការគំរាមកំហែង ឬអំពើហិង្សាណាមួយឡើយ។ ទន្ទឹមនេះ គណបក្សនយោបាយចំនួន ២០ បានចូលរួម ប្រកួតប្រជែងក្នុង​ការ​បោះឆ្នោតនេះ ដែលជាការបង្ហាញយ៉ាងច្បាស់នូវភាពជា តំណាងស្របច្បាប់ ​នៃនយោបា​យ​ព​ហុនិយម និងឆ្លុះបញ្ចាំងនូវអ្វីដែលអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ម៉ឺននាក់​បាន​បរិ​យា​យ​ថា ជាដំណើរការប្រកបដោយលទ្ធិប្រជាធិបតេយ្យ ដោយស្ថិរភាពនៅកម្ពុជា និងការ​បោះ​ឆ្នោតមានលក្ខណៈសេរី យុត្តិធម៌ និងអាចជឿទុក​ចិត្តបាន។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា ជាការពិតជម្រើសដោយសេរីរបស់ប្រជាជន កម្ពុជា និងលទ្ធផលប្រកបដោយធម្មានុរូប​នៃការ​បោះ​​ឆ្នោតនេះ មិនមែនជាប្រធានបទ​ដែល​ត្រូវចោទសួរ ឬពិភាក្សាដេញដោលនោះទេ។

ក៏​ប៉ុ​ន្តែ​​មជ្ឈដ្ឋានខាងក្រៅមួយចំនួន ដែលចិញ្ចឹម នូវ​​មហិច្ឆតាប៉ុនប៉ងជ្រៀតជ្រែកចូល​កិច្ចការផ្ទៃក្នុ​ង​រប​ស់កម្ពុជា នៅតែធ្វើជាមើលមិនឃើញនូវ គុណភាព និងសុចរិតភាពនៃដំណើរការបោះឆ្នោត​របស់យើង តាមរយៈការចេញសេចក្ដី ថ្លែងការណ៍នានា ប្រឆាំងនឹង ឬវាយប្រហារលើលទ្ធ​ផល​នៃ​​ការបោះឆ្នោតនេះ។ ដែលទង្វើ បែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះឆន្ទៈ​របស់​ប្រជា​ជ​ន​​​​កម្ពុជា​។

សម្ដេចតេជោថ្លែងទៀតថា “ខ្ញុំសូមទាញអារម្មណ៍សមាជិកអង្គការសហប្រជាជា​តិទាំង​អ​ស់​ អំពីសារៈសំខាន់នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ វាអាស្រ័យលើយើងគ្រប់គ្នា នៅក្នុង​ការ​ផ្ដល់​ការគោរពដ៏ត្រឹមត្រូវចំ​ពោះធម្មនុញ្ញដ៏មានសារៈសំខាន់នេះ ដោយត្រូវចៀសវាង​ការ​ជ្រៀ​​តជ្រែក ការធ្វើឱ្យអន្តរាយ ឬការរំខានដល់កិច្ចការអធិបតេយ្យរបស់រដ្ឋឯករាជ្យ។ យើងមា​ន​​ការសោក​ស្ដាយជាពន់ពេក ក្នុងការរំលេចនូវតថភាពដែលថា សិទ្ធិមនុស្សនាពេល​បច្ចុប្ប​ន្ន​នេះ​ បានក្លាយទៅ​ជាបេសកកម្មដើម្បីបំពាក់អរិយធម៌ សម្រាប់ប្រទេសមាន​អំណាច​មួ​យចំ​នួ​ន ឬ ក៏អាចនិយាយបានថា ជានិយាមប្រតិបត្តិការថ្មីរបស់ពួកគេ ដែលជាលេស​សម្រាប់​រាល់​ការលូកដៃជ្រៀតជ្រែក ក្រោមផ្លាកការពារសិទ្ធិនយោបាយ”។

ជាមួយគ្នានេះ ប្រទេសធំៗ មិនគួរបន្តុបដាក់​ប្រ​​ព័ន្ធ​គ្រប់គ្រងរដ្ឋរបស់ពួកគេមកលើ​ប្រទេសនានា​ដែ​ល​តូចជាងខ្លួននោះឡើយ ព្រោះប្រទេ​ស​​តូចៗទាំងនេះ ក៏មានអធិប​តេយ្យ​ភាព និង​មាន​សេ​ច​ក្ដីប្រាថ្នាស្របច្បាប់ក្នុងការរក្សា​នូវ​អត្តស​ញ្ញា​ណរបស់ខ្លួនដែរ។ សម្ដេច តេជោបានបន្ថែមថា នៅក្នុង​សម័យកាលនៃ​ពិភព​លោក​ដែលមានការពឹងផ្អែកទៅវិញទៅមក ផ្នត់គំនិតចាប់បង្ខំដ៏គំរិលទាំងនេះ គួរតែ​ត្រូវបាន​បញ្ច​ប់។ ទាំងអស់គ្នា ទាំងប្រទេសធំ ទាំងប្រ​ទេ​សតូច ត្រូវតែរួមគ្នាគោរព និងលើកតម្កើងធនធា​ន​នៃ​ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការ​សហ​ប្រ​ជាជាតិ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លើ​កទី៧៣ ដែរថា ពីប្រទេសមួយដែលធ្លាប់ត្រូវបានគេស្គាល់ថា ជាវាលពិឃាដ ជាតំបន់អ​ ស​ន្តិ​​សុខ ដោយសារជម្លោះប្រដាប់អាវុធ និងសំណល់គ្រាប់មីនដ៏គ្រោះថ្នាក់ និងជាប្រទេស មាន​សេដ្ឋ​កិច្ចអន់ថយ ផុងជាប់ក្នុងភាពក្រីក្រ និងមានអសន្តិសុខស្បៀង កម្ពុជាបច្ចុប្បន្នទទួល​បាន​សន្តិ​ភាពពេញលេញ និងបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ៍នៅតំបន់​អាស៊ី​អគ្នេ​យ៍។ លើសពីនេះទៀត ក៏ជាប្រទេសនាំចេញស្បៀងអាហារ មានស្នាដៃលេចធ្លោក្នុង​ការកាត់បន្ថយភាពក្រីក្រ និង​ការកែលម្អសូចនាករសង្គមនានា និងជាប្រទេសមួយក្នុង​ចំណោមប្រទេសដែលមាន​កំណើ​ន​​សេដ្ឋកិច្ច​លឿន​បំផុតក្នុងពិភពលោក ដែលថ្មីៗនេះ បានឆ្លងផុតដោយជោគជ័យពីឋានៈ​ជា​ប្រ​ទេ​ស​មានចំណូលទាប ទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាប ដោយសារកំណើន​សេ​ដ្ឋ​កិច្ច​ខ្ពស់ក្នុងរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈ​ពេលជាងពីរទសវត្សរ៍កន្លងមក៕

ដោយ ជឹម ណារី