ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហរដ្ឋអាមេរិកមិនចុះសម្រុងជាមួយប្រទេសចិន និងរុស្សីពីបញ្ហាការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៨.០៩.១៨)

អាមេរិក៖ ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ែក ប៉ុមពេអូ
បាននិយាយព្រមានប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសទំាងនោះត្រូវតែធ្វើជាគំរូក្នុងការរឹតបន្តឹងការដាក់ទណ្ឌកម្មប្រឆំាងទៅលើប្រទេសកូរ៉េខាងជើង ក្នុងពេលដែលប្រទេសចិននិងប្រទេសរុស្សី បានស្នើឡើងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរតែពិចារណា
បន្ធូរបន្ថយការដាក់ទណ្ឌកម្មនោះ ។

ប្រទេសចិន និងប្រទេសរុស្សី បាននិយាយថា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែផ្តល់រង្វាន់ដល់ប្រទេសកូរ៉េខាងជើងដែលបានសម្រេចនូវកិច្ចការជាវិជ្ជមាន មួយចំនួន នៅក្នុងឆ្នំា នេះ
ដូចជាការជួបគ្នារវាងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអុន ជាមួយប្រធានាធិបតីអាមេរិក
លោកដូណល់ត្រាំ កាលពីខែ មិថុនា និងមេដឹកនំាកូរ៉េខាងជើងសន្យាថានឹងខិតខំអនុវត្តនូវការលុបបំបាត់នូវអាវុធនុយក្លេអ៊ែរ ។

ក្រុមមន្ត្រីការទូត បាននិយាយថា សហរដ្ឋអាមេរិក
គ្មានបំណងចង់ឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចេញសេចក្តីថ្លែងការណ៍
ពីស្ថានការណ៍វិវឌ្ឍន៍ទៅប្រកបដោយលក្ខណៈវិជ្ជមាន ពីបញ្ហាកូរ៉េខាងជើងនេះ ទេ ។