ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អគ្គលេខាធិការអង្គការសហប្រជាជាតិចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជា ជាតិជាមួយនឹងកម្ពុជា ពិតជាមានសារៈសំខាន់ណាស់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម អាន់តូនី​ញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខា​ធិការអង្គ​ការ​សហ​ប្រ​ជា​ជាតិ​ បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិ​សេ​​ស វត្តមានកងទ័ពមួកខៀវកម្ពុជាដែលពោរពេញទៅដោយវិន័យ និងមានសមត្ថភាពពេញលេញ ក្នុងសកម្មភាពមនុស្សធម៌ និងថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។


ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅក្នុងជំនួបរបស់សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងខណៈអញ្ជើញទៅចូលរួមក្នុងមហា​សន្និ​បា​ត​អង្គការសហប្រជាជាតិ​លើក​​ទី​៧៣ នៅ​​​ទី​​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិកនោះ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការ​ស​ហ​ប្រជាជាតិបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាង អង្គ​ការសហប្រ​ជា​ជា​តិ​ និង ​កម្ពុ​ជា ក៏ដូចរវាងអង្គការសហប្រជាជាតិ ជាមួយអាស៊ាន គឺពិតជាមានសារៈសំខាន់​ខ្លាំង​ណា​ស់​។ ឯកឧត្តមបន្តថា អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះ​កិច្ច​សហ​ប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាមួយកម្ពុជាក៏ដូចរវាងអង្គការសហ​ប្រជាជាតិ ជា​មួយអាស៊ាន។

ក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកសំណើចំនួន​៣​ ទៅ​កាន់​ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយចំនួន៣ចំណុច នឹងទទួលបាននូវ​ការ​ឯក​ភាពពីឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងនោះទី១ ពាក់ព័ន្ធទៅនឹងការិ យាល័​យអង្គការសិទ្ធមុស្ស របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែល​គ្រោង​នឹង​ចប់​កិច្ច​ព្រ​ម​ព្រៀងនៅចុងឆ្នាំ២០១៨នេះ ដោយសម្តេចបានអនុញ្ញាតឱ្យរយៈពេល២ឆ្នាំទៀត។

ហើយនៅក្នុងខែ​តុ​លា​ខាងមុខ នៅពេលដែលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចនៅ ទីក្រុង ហ្សឺណែវ​នោះ នឹង​មាន​ការចុះហត្ថលេខារវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការ បរទេសកម្ពុជា ជា​មួយ​​នឹងតំណាងស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ។ សម្តេចតេ ជោបានបញ្ជាក់ថា កម្ពុជា​ពិត​ជា​មានឆន្ទៈពេញលេញក្នុងការបន្តធ្វើការងារជាមួយនឹងអង្គការ​សហប្រជាជាតិស្តីពីសិទ្ធិ​មនុ​ស្ស​។​ ទី២. សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកពីកិច្ច​សហប្រតិ​បត្តិការរវាងកម្ពុជា និងអង្គ​កា​រ​​សហប្រជា​ជាតិ ស្តីពីសាលាក្តីខ្មែរក្រហមនៅកម្ពុជា។

សម្តេច តេជោបានគូសបញ្ជាក់ថា កម្ពុជានឹង​ប​ន្ត​​សកម្មភាពទាំងនោះដូចអ្វីដែលកម្ពុជា បានអនុវត្តន៍ពី​ពេលមុនៗ មានន័យថា អង្គការស​ហ​ប្រ​ជាជាតិបានស្នើ ឱ្យកម្ពុជាបន្តបង់ថវិកាលើការ ចំណាយ​របស់មន្រ្តីបុគ្គលិកកម្ពុជា ដែលធ្វើ​កា​រ​​នៅសាលាក្តីខ្មែរក្រហម។ ចំណែកទី៣ រាជរដ្ឋាភិ​បាលកម្ពុជានឹងបន្តចូលរួមឲ្យ​កាន់តែខ្លាំងក្លា​ថែម​ទៀ​ត លើបេសកកម្ម នៃការថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ ដែល​ថាតើ​ប្រទេ​ស​ណា​ទៀត ត្រូវការកងទ័ពមួកខៀវ របស់កម្ពុជា ក្នុងការចូលរួមបំពេញបេសកកម្មមនុស្សធម៌ ក្រោ​​មឆ័ត្ររបស់អង្គការសហ ប្រជាជាតិ។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងនូវ​អំណរ​គុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោដែលបានបន្តអាណត្តិនៃមជ្ឈ​មណ្ឌ​ល​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំកម្ពុជារយៈពេល២ឆ្នាំបន្តទៀត។ លើចំណុ​ច​ទី​ ២ និងទី៣ ឯកឧត្តមអគ្គលេខាធិការបានបន្ថែមថា កម្ពុជាពិតជាមានឆន្ទៈ​ពិតប្រាក​ដក្នុ​ង​កា​រ ជួយដល់អង្គការសហប្រជាជាតិ ពិសេសវត្តមានកងទ័ពមួកខៀវកម្ពុជាដែលពោរពេញ​ទៅ ​ដោ​យ​វិ​ន័យ និងមានសមត្ថភាពពេញលេញ ក្នុងសកម្មភាពមនុស្សធម៌ និងថែរក្សាសន្តិភាព ក្រោម​ឆ័​ត្រ​របស់ អង្គការសហប្រជាជាតិ៕

ដោយ ជឹម ណារី