ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ អញ្ជើញកាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ក្រុងតាខ្មៅ

AKP កណ្តាល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងគ្រួសារ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងគ្រួសារ រួមជាមួយសមាជិកសមាជិការដ្ឋសភា ទីប្រឹក្សា ជំនួយការ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មន្ត្រីរាជការ ក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា បាននាំយកចង្ហាន់ និងទេយ្យវត្ថុ អញ្ជើញកាន់បិណ្ឌវេនទី៤ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្តាល។បន្ទាប់ពីជួបជុំពុទ្ធបរិស័ទបងប្អូនញាតិមិត្តជិតឆ្ងាយ ធ្វើបទនមស្ការ ព្រះរតនត្រ័យ សមាទានសីល ព្រះសង្ឃចម្រើនព្រះបរិត្ត ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា រួចមក សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ បានអញ្ជើញរាប់បាត្រ បង្សុកូល ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន ជីដូនជីតា ញាតិកា ទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់ បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។ មួយចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សម្តេច និងលោកជំទាវ ក៏បាននាំយកបច្ច័យរបស់សម្តេចផ្ទាល់ បូករួមជាមួយបច្ច័យដែលបានមកពីសមាជិកសមាជិការដ្ឋសភា ទីប្រឹក្សា ជំនួយការ ក្រុមការងារ និងបច្ច័យរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សរុបចំនួន ៣៥លានរៀល សាដកចំនួន ៥០កញ្ចប់ អង្ករចំនួន ៥០ការុង ទឹកសុទ្ធ ៥០កេស ទឹកក្រូច ៥០កេស មី៦០កេស ត្រីខកំប៉ុង ១០កេស ទឹកដោះគោ ៥កេស ទឹកត្រី ៥០យួរ ទឹកស៊ីអីវ ៥០យួរ ស្ករស ៥០គីឡូក្រាម មី៥០គីឡូ ប្រគេនដល់វត្តផងដែរ។

ដោយឡែកក្នុងឱកាសនោះដែរសម្តេច និងលោកជំទាវ ក៏បានប្រគេនបច្ច័យ ៥០ម៉ឺនរៀល និងសាដកចំនួនមួយ ដល់ព្រះចៅអធិការវត្ត និងប្រគេនបច្ច័យ និងទេយ្យវត្ថុមួយចំនួនទៀតដល់ព្រះសង្ឃក្នុងវត្ត ព្រមទាំងចែកជូនបច្ច័យ និងអំណោយដល់លោកយាយ លោកតា ដែលបានចូលរួមផងដែរ៕

ដោយ ប៉ាល់ សុង