ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីអំពាវនាវដល់និវត្ដន៍ជនទាំងអស់ គួររួមចំណែក ក្នុងការងារដោះស្រាយវិវាទដីធ្លី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់និវត្តន៍ជនរបស់ ក្រសួង គួរតែបានរួមចំណែកក្នុងការងារដោះស្រាយវិវាទដីធ្លី ដែលអាចចុះឈ្មោះនៅ​ក្នុងក្រុម​ការងារដោះស្រាយវិវាទដីធ្លីរបស់ក្រសួង ឬអាចចុះឈ្មោះនៅមន្ទីររៀបចំដែនដី នគរូបនីយ​កម្ម សំណង់ និងសុរិយោដី តាមបណ្ដារាជធានី ខេត្ត ដែលជាមូលដ្ឋាន​របស់ខ្លួនរស់នៅបានផង​ដែរ ដើម្បីអាចបន្សល់ទុកនូវស្នាដៃ រួមចំណែកក្នុងការងារដោះ​ស្រាយវិវាទ ដីធ្លីជូនប្រជាជន និង​ប្រទេសជាតិ។  ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីចូលនិវត្តន៍ប្រមាណជិត៦០០នាក់ របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការ ក្រសួងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា មន្រ្តីចូលនិវត្តន៍ទាំងអស់ គឺជាធនធានមន្រ្តី ដែលសុទ្ធតែមាន​ជំនាញបទពិសោធន៍ច្បាស់លាស់ដោយបានរួមចំណែកក្នុងការកសាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់តាំងពីផ្ដើមដំបូង រហូតមកដល់បច្ចុប្បន្ននេះ ស្របតាមលទ្ធ ភាពដែលខ្លួនបានរួមចំណែក ពង្រឹងស្ថាប័ន ដែលជាស្ថាប័នមួយបានផ្ដល់សេវា ជាច្រើនជូន​ប្រជាពលរដ្ឋ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានបានស្នើដល់មន្រ្តីចូលនិវត្តន៍ទាំងអស់ ទោះបីផ្លាស់ទីលំនៅ ទៅរស់នៅទីណាក្ដី សូមឱ្យបញ្ជូនលិខិតស្នាម ឬ លេខទូរស័ព្ទផ្ទាល់ខ្លួន និងក្រុមគ្រួសារ តាម រយៈទំនាក់ទំនងណាមួយក្ដី មកកាន់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមបណ្ដា រាជធានី ខេត្ត ដើម្បីនៅពេលមានកិច្ចការណាមួយត្រូវបំពេញ ឬ មានបញ្ហាប្រឈម ឬសំណួមពរផ្សេងៗ គឺមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាដោះស្រាយ។
សូមបញ្ជាក់ថា នេះជាលើកទីពីរហើយដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានរៀបចំពិធីជួបជាមួយមន្រ្តីចូលនិវត្តន៍របស់ក្រសួង ដែលលើកទី១ គឺបានធ្វើឡើង កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ដែលកាលនោះបានឯកភាពគ្នា ថាក្នុងមួយឆ្នាំត្រូវមាន ការជួបជុំគ្នាចំនួន២ដង គឺនៅពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ និងម្ដងទៀតនៅថ្ងៃបុណ្យ កាន់បិណ្ឌ ដើម្បីបានដឹងពីសុខទុក្ខ ឬ ក្ដីកង្វល់ បញ្ហាប្រឈមណាមួយរបស់ មន្រ្តីចូលនិវត្តន៍ ទាំងអស់។ ជាមួយគ្នានេះដែរ ចាប់ពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាននិវត្តន៍ជនសុរប ៧៩៨នាក់ ដែលក្នុងនោះ ៧៨នាក់បាន ចូលរួមជាមួយក្រុមការងារដោះស្រាយវិវាទដីធ្លីចល័ត ដែលពួកគាត់សុទ្ធតែជាអ្នកជំនាញ ធ្លាប់ មានបទពិសោធន៍អាចរ៉ាប់រងកិច្ចការនេះបាន៕

ដោយ អ៊ុន រិទ្ធី រូបថត៖ក្រសួងរៀបចំដែនដី