ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងការងារ ព្រមានចាត់វិធានផ្លូវច្បាប់ចំពោះសហគ្រាសរោងចក្រ ក្រុមហ៊ុនណា មិនអនុវត្ដការបើកប្រាក់ខែ១ខែ២ដងក្នុងឆ្នាំ២០១៩ខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា៖

រដ្ឋមន្រ្ដីក្រសួងការងារ បានព្រមានចាត់វិធានផ្លូវច្បាប់ចំពោះសហគ្រាសរោងចក្រ ក្រុមហ៊ុនណាមិនអនុវត្ដការបើកប្រាក់ខែជូនកម្មករកម្មការនី ក្នុង១ខែបើក២ដងក្នុងឆ្នាំ២០១៩ខាងមុខនេះ ដើម្បីបង្ករលក្ខណៈងាយស្រួល និងជួយសម្រាលបន្ទុកក្នុងជីវភាពគ្រួសារ ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេងរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសាសន៍ថា ការព្រមានចាត់វិធានការនេះ គឺបន្ទាប់ពីក្រសួងការងារបានសេចក្តីប្រកាសរបស់ក្រកាលពីថ្ងៃទី២១ កញ្ញាថា ចាប់ពីខែមករា ឆ្នាំ២០១៩ អោយទៅម្ចាស់សហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញត្តិនៃច្បាប់ស្តីពីការងារត្រូវរៀបចំ ឲ្យមានការបើកប្រាក់ឈ្នួលជួនកម្មករនិយោជិតចំនួន ២ ដងក្នុងមួយខែ ដោយត្រូវបើកលើកទី១ ក្នុងសប្តាហ៍ទី២ និងលើកទី២ ក្នុងសប្តាហ៍ទី៤នៃខែនីមួយៗ។ ឯកឧត្តមបានបញ្ជាក់ថា ការបើប្រាក់ខែលើកទី១ គឺស្មើនឹងចំនួន៥០% (ហាសិបភាគរយ) នៃប្រាក់ឈ្នួលសុទ្ធសាធក្នុងមួយខែ ។ ការបើប្រាក់ខែលើកទី២ គឺស្មើនឹងចំនួនប្រាក់ឈ្នួលសុទ្ធសាធដែលនៅសល់ ប្រាក់ឈ្នួលបន្ទាប់បន្សំ និងអត្ថប្រយោជន៍ផ្សេងៗទៀតដែលកម្មករនិយោជិតត្រូវទទួល បាន នៅក្នុងខែនីមួយៗ។ ឯកឧត្តម បានបញ្ជាក់ថា បើសហគ្រាសរោងចក្រ ក្រុមហ៊ុនណាមិនអនុវត្ដតាមសេចក្ដីប្រកាសរបស់ក្រសួងនេះ នឹងត្រូវផាកពិន័យ ឬបញ្ជូនទៅតុលាតែម្ដង។

សូមបញ្ជាក់ថា ការសម្រេចរបស់ក្រសួងការងារអោយបើកប្រាក់ខែជូនកម្មករកម្មការនីក្នុងមួយខែចំនួន២ដងនេះ គឺ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលតែងតែគិតគូរកម្មករនិយោជិត លើកវិស័យកាត់ដេរ និងផលិតស្បែកជើង៕