ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ្នកប្រដាល់គុន​ខ្មែរដ៏ល្បីល្បាញ​ពីររូប នឹងទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈគោជល់ បើឈ្នះ​ការប្រកួតនៅប្រទេសមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — អ្នកប្រដាល់គុនខ្មែរដ៏ល្បីល្បាញ២រូប គឺកីឡាករ ដៃ​ភ្លើង​ជើង​រន្ទះ រឿង​ សុភ័ណ្ឌ និង​កីឡាករ​ ពេជ្រ​ ម្ទេសខ្មាំង នឹងទទួលបានជួយឧបត្ថម្ភប្រាក់រង្វាន់លើកទឹកចិត្តមិនធ្លាប់មានពីក្រុមហ៊ុន ហេរ៉ូឃីង ដែលនាំចូល និងចែកចាយភេសជ្ជៈប៉ូវកម្លាំង គោជល់ ប្រសិនបើកីឡាករ ជម្រើសជាតិគុន ខ្មែរទាំងពីររូបនេះឈ្នះការប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡា World Lethwei​​ Championship ​ក្រោម​ប្រធានបទ Heartless Tiger នៅប្រទេស​មីយ៉ាន់ម៉ា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។


លោក មាន សំអុល នាយកគ្រប់​គ្រង​​​ទូទៅ​ភេសជ្ជៈ គោជល់ នៅកម្ពុជា ថ្លែងប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃសុក្រនេះថា ការឧបត្ថម្ភទឹកប្រាក់នេះ គឺជាការលើក ទឹកចិត្តដល់កីឡាករគុនខ្មែរមុន​គេ​ ដែល​មិន​ដែល​មាន​ភេសជ្ជៈប៉ូវ​កម្លាំង​ណាហ៊ាន​ផ្ដល់​ជូន​នៅ​ឡើយ។

លោកបានបញ្ជាក់ថា ​គោលបំណងចម្បងនៃការ​ផ្ដល់​ជូន​នេះ​គឺក្នុងការរួមចំណែក​លើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាប្រដាល់កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងជំរុញ ឱ្យអ្នកប្រដាល់គុនខ្មែរ ដែលចេញទៅប្រកួតនៅលើឆាកអន្តរជាតិនានា ប្រឹងប្រែងឱ្យអស់ពី សមត្ថភាព ដើម្បីកសាងកិត្តិយសពីលើឆាកអន្តរជាតិមកជូនមាតុប្រទេសរបស់ខ្លួន។ ទន្ទឹមនេះ​ភេសជ្ជៈ គោជល់​នឹង​ខិត​ខំ​បន្ថែម​ទៀត​ក្នុង​ការ​ស្វែងរក​ថវិកា​ជួយ​ជ្រោម​ជ្រែង​កីឡា​ក៏​ផ្សេង​ៗ​ទៀត ជា​ពិសេស​កីឡា​ករ​ ដែល​ជាថ្នាលរបស់​គុន​ខ្មែរ។


អ្នកប្រដាល់ដៃ​ភ្លើង​ជើង​រន្ទះ រឿង​ សុភ័ណ្ឌ និង​ កីឡាករ​ ពេជ្រ ម្ទេសខ្មាំង ដែលជាអ្នក​គុនខ្មែរដ៏ល្បី ល្បាញពីរ​រូបរបស់កម្ពុជា​បាន​​ចាក​ចេញ​ទៅ​ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗ នេះ​ ដើម្បីហាត់​សម​មុន​ការ​ប្រកួត។ កីឡា​គុន​ខ្មែរ​ទាំង​ពីរអះអាងថា ពួកគេត្រូវ​ជួប​ប្រកួតជា​មួយ​កីឡាករម្ចាស់ផ្ទះដែលជាជើង​ខ្លាំង​ពីរ គឺ​កីឡាករ Yan Naing Tun និង​កីឡាករ Mite Yine។ កីឡាករទាំងពីររូបសន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ប្រយោជន៍​យក​ឈ្នះ​គូ​ប្រកួតឱ្យ ​បាន បើ​ទោះ​កីឡាករមីយ៉ាន់ម៉ាទាំងពីរនេះខ្លាំង​យ៉ាង​ណា​ក៏ដោយ៕

ដោយ ហេង ណាលីន