ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជាង១០ឆ្នាំ សហព័ន្ធកីឡាចំបាប់កម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត ដែលមានទឹកប្រាក់ជាង២០ម៉ឺនដុល្លារ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — សហព័ន្ធកីឡាចំបាប់កម្ពុជាទទួលបានការជួយឧបត្ថម្ភជាទឹកប្រាក់ និង  លើការទិញ សម្ភារហ្វឹកហាត់ជាង២០ម៉ឺនដុល្លារ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ចាប់តាំងពីលោក ខេស៊ី បាណេត (Casey Barnett) អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យា ស្ថាន CamEd Business School បានប្រើប្រាស់ពេលវេលារបស់លោកក្នុងការជួយជ្រោម ជ្រែងយ៉ាងខ្លាំងដល់វិស័យ កីឡាចំបាប់របស់កម្ពុជា។  លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជាបានគូសបញ្ជាក់ថា សម្រាប់ការប្រមូលផ្តុំហ្វឹក ហាត់របស់យុវជនថ្នាលនេះមានការឧបត្ថម្ភលើផ្នែកអាហារ ពីក្រសួងអប់រំ ប៉ុន្តែដោយសារមើលឃើញពីការខ្វះខាតនេះទើបលោក ខេស៊ី បាណេត បានជួយឧបត្ថម្ភថវិកាប្រចាំខែសម្រាប់ថ្នាល។ លោកបានបន្ដថា ចំពោះថ្នាលយុវជនទាំងអស់ ទទួលបានការហូបចុកស្នាក់នៅជុំគ្នានៅទីនេះ និងការសិក្សារបស់ពួកគាត់ជាបន្ទុករបស់ សហព័ន្ធ។

អគ្គលេខាធិការរូបនេះបន្ថែមថា ក្នុង១ខែៗយើងចំណាយថវិកាមិន ក្រោម៧.០០០ ដុល្លារនោះឡើយ។ ចំពោះការចំណាយ ផ្សេងៗ ក្នុងការប្រមូលផ្តុំហ្វឹកហាត់របស់ជម្រើសជាតិ​ថ្នាលយុវជនចំនួន១៥នាក់ និងយុវជនថ្នាលបម្រុងមួយចំនួនទៀត ដែល​ទាំងអស់គឺជា ការចំណាយទាំងស្រុងរបស់សហព័ន្ធផ្ទាល់ ហើយភាគច្រើនទទួលបានការ ឧបត្ថម្ភពីលោក ខេស៊ី​ បាណេត។


លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបាននាំយកសម្ភារហ្វឹកហាត់ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងគោលដៅពង្រឹងគុណភាពសមត្ថភាពជូន ដល់កីឡាករ កីឡាការិនី របស់ខ្លួនឱ្យបានកាន់តែរឹងមាំបន្ថែមទៀត។

លោកបានបញ្ជាក់ទៀតថា សម្ភារហ្វឹកហាត់នេះមានដូចជាឧបករណ៍លើកកម្លាំង និង​ឧបករណ៍ ជាច្រើនមុខទៀត ដើម្បីធ្វើឱ្យថាមពលកម្លាំងរបស់អត្តពលិករបស់ខ្លួនកាន់តែល្អ។ ក្រៅពីនេះលោកបានជួយឧបត្ថម្ភជាថវិកា ក្នុងការជួសជុលកែលម្អបន្ទប់ស្នាក់នៅ បន្ទប់ទឹក កន្លែងចម្អិនម្អូបអាហារ សម្រាប់ថ្នាលយុវ ជនថ្នាល។ ក្រៅពីនេះ អ្វីដែលជាគោលដៅ គឺលោក​ចង់ឱ្យកីឡាករ-កីឡាការិនីចំបាប់ទាំងអស់ទទួលបានសុខភាពល្អ ការលើកទឹកចិត្ត និង ប្រមូល​អារម្មណ៍ទៅលើការហ្វឹកហាត់ឱ្យបានកាន់តែល្អ ដើម្បីបង្កើនបច្ចេកទេសទៅចូលរួម ប្រកួតលើឆាកអន្តរ ជាតិ និងឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។


សូមបញ្ជាក់ថា សម្រាប់ការចំណាយទិញសម្ភារហ្វឹកហាត់ និងការជួសជុលកែ​លម្អ លើកនេះ មានចំនួនសរុបប្រមាណ១ម៉ឺនដុល្លារ ដែលការជួយជ្រោមនេះនៅមិនទាន់ឆ្លើយ តបទៅនឹងតម្រូវការប្រើប្រាស់នោះឡើយ ហើយលោកសន្យាថានឹងជួយបន្ថែមទៀត៕

ដោយ ហេង ណាលីន