ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានរដ្ឋសភាកម្ពុជា៖ ទំនាក់ទំនងកម្ពុជា-ចិន ឈានដល់កិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចប្រធានរដ្ឋសភាកម្ពុជាអះអាងថា ទំនាក់ទំនងកម្ពុជា-ចិនរយៈពេល២ឆ្នាំចុង ក្រោយនេះ បានឈានដល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នាំមកនូវផលប្រយោជន៍ ដល់ប្រជាជន និងប្រទេសទាំងពីរ។

នៅក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចំាកម្ពុជា ដែល​ចប់អាណត្តិចូលជួបសម្តែងការ គួសម និងជម្រាបលានាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ថា ទំនាក់ទំនងល្អនេះ ក៏អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ស្យុង ប៉ ដែលបានជំរុញឱ្យកិច្ចព្រម ព្រៀងគម្រោងអភិវឌ្ឍន៍ជាច្រើន ប្រែក្លាយឱ្យទៅជាការអនុវត្តជាក់ស្តែងទាំងក្របខ័ណ្ឌកិច្ច ប្រតិបត្តិរវាងប្រទេស និងប្រទេស ក្រុមហ៊ុនឯកជន និងក្រុមហ៊ុនឯកជនលើគ្រប់វិស័យ។ ជាពិសេសលើការធ្វើពាណិជ្ជកម្មទ្វេភាគី និងការ​វិនិយោគរបស់ចិននៅកម្ពុជាមានការរីក ចម្រើន​យ៉ាងខ្លាំង ធ្វើឱ្យប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្ម និងជាប្រទេសមានទុន វិនិយោគធំទី១នៅកម្ពុជា។ ទន្ទឹមនឹងនោះក៏បាននាំចូលពីប្រទេសកម្ពុជាលើផលិតផល កសិកម្មជាច្រើនប្រភេទផងដែរ។

ជាការឆ្លើយតបឯកឧត្តម ស្យុង ប៉ បានមានប្រសាសន៍ថា កម្ពុជា និងចិនដែលប្រៀប ដូចជាគ្រួសារតែមួយ ដោយចិននៅតែបន្តគាំទ្រជួយដល់កម្ពុជាឱ្យក្លាយជាប្រទេស ដែលប្រជា ជនមានជីវភាពល្អប្រសើរនៅឆ្នាំ២០៣០ខាងមុខ។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំខួបទី៦០ នៃទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត រវាងប្រទេសយើងទំាងពីរចិន-កម្ពុជា ដែលបានកសាងឡើងដោយអតីត ព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងអតីតប្រមុខដឹកនាំប្រទេសចិន។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបន្តថា ទំនាក់ទំនងដ៏យូរលង់នេះ ត្រូវបានប្រមុខដឹកនាំ ប្រទេសទាំងពីរបច្ចុប្បន្ន បន្តលើកស្ទួយឈានដល់កម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្ត គឺកិច្ចសហប្រតិបត្តិការភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលបាននឹងកំពុងផ្តល់ផ្លែផ្កាជាក់ស្តែងលើគ្រប់វិស័យ។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម កែវ ពិសិដ្ឋនាយកខុទ្ទការល័យ​សម្តេចប្រធានរដ្ឋសភា បានប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបនោះ៕

ដោយ ប៉ាល់ សុង