ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រម្លឹកអាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធគ្រប់​ជាន់ថ្នាក់នៅខេត្តបន្ទាយមានជ័យ ត្រូវបន្តរួមគ្នាការពារសន្តិភាព និងអភិវឌ្ឍន៍ខេត្ត​ឱ្យរីកចម្រើនថែមទៀត

AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — ​ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ​បានធ្វើការក្រើនរម្លឹកដោយ​ជំរុញដល់មន្ត្រីអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ នៅខេត្តបន្ទាយមានជ័យ​ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព និងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនធ្វើឱ្យប្រជាពលរដ្ឋ​កាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត។


ការថ្លែងបែបនេះរបស់ឯកឧត្តមបានធ្វើឡើងក្នុងពិធីប្រកាសលោកស្រី​ រស់​ សុផានី​ ឋានន្តរស័ក្តិគ្រូបង្រៀន​កម្រិត​ឧត្តម​ដើមខ្សែ​ថ្នាក់លេខ២ នៃក្រប​ខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧត្តម​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ឱ្យកាន់​មុខ​តំណែង​ជាអភិបាល​រង នៃគណៈអភិបាល​ខេត្ត​បន្ទាយមានជ័យកាលពីព្រឹកថ្ងៃសុក្រ៤រោចខែភទ្របទឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី​២៨ខែកញ្ញា ឆ្នាំ២០១៨នេះនៅសាលាខេត្ត។

​ ក្នុងឱកាសនោះ លោក ប៉ាវ ហមផាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងខេត្តទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ ​ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្ត ឱ្យមានការ​រីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក។ ជាពិសេសការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តដែលមិនត្រឹមតែ បានជំរុញការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងទីក្រុងនិងជនបទប៉ុណ្ណោះទេប៉ុន្តែក៏បានធ្វើការ​កសាង និងកែលម្អសោភណភាព ក្នុងបរិវេណសាលាខេត្តបានយ៉ាងល្អប្រសើរផងដែរ។
​ ជាមួយនេះដែរឯកឧត្តមក៏បានថ្លែងនូវការអបអរសាទរនិងបានផ្ដាំផ្ញើចំពោះលោកស្រី​អភិបាលរងខេត្តដែលទើបទទួលការតែងតាំងមុខតំណែងថ្មីត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃ​​ក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្ត។ ដោយឡែក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវបន្តចាត់តាំងការអនុ​វត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយប្រទេសជិតខាងដើម្បីរួមគ្នាថែ​រក្សាសន្តិសុខសណ្ដាប់ធ្នាប់ព្រំដែននិងការបង្ការទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់
ប្រភេទ៕

ដោយឈុនសារ៉ាត