ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានរដ្ឋសភារំពឹងថា រដ្ឋាភិបាលចិននឹងបន្តជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាតទៅមុខទៀត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបង្ហាញនូវភាពជឿជាក់ថា រដ្ឋាភិបាលចិននឹងបន្តជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាតទៅមុខទៀត បន្ទាប់ពីថ្នាក់ដឹកនាំប្រទេសទាំងពីរ ពង្រឹងការអនុវត្តគោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយជាមួយគ្នា។

ថ្លែងក្នុងឱកាសទទួលជំនួបជម្រាបលារបស់ឯកឧត្តម ស្យុង ប៉ (Xiong Bo ) ឯកអគ្គរដ្ឋទូតចិន ចប់អាណត្តិប្រចាំកម្ពុជា នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិប្រទេសទាំងពីរ ព្រមទំាងបានជំរុញកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍ជាច្រើនប្រែក្លាយឱ្យទៅជាការអនុវត្តជាក់ស្តែង។ សម្តេចពញាចក្រី មានប្រសាសន៍ថា ទាំងនេះបានបង្ហាញពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការជំរុញអនុវត្តន៍គោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់មិត្តចិន។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បានធ្វើឱ្យប្រទេសទាំងពីរឯកភាពគ្នាយ៉ាងមុតមាំជាមួយនឹងយុទ្ធសាស្ត្រនៃការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីនាំមកនូវការអភិវឌ្ឍ និងវិបុលភាពសង្គមជាតិ។ ឯកឧត្តម បានឱ្យដឹងថា រដ្ឋាភិបាលប្រទេសចិន បានប្តេជ្ញានៅតែបន្តគាំទ្រកម្ពុជាតាមលទ្ធភាព ដើម្បីឱ្យកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ដែលនាំមកនូវចំណូលសេដ្ឋកិច្ចប្រជាជនកម្ពុជាកាន់តែប្រសើរឡើង។

គិតត្រឹមឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាទទួលជំនួយមិត្តចិនសរុបជាង៤.៨០០លានដុល្លារ ដែលមានទាំងជំនួយឥណទាន និងជំនួយឥតសំណង ដើម្បីអភិវឌ្ឍន៍ប្រទេស៕