ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងត្បូងនឹងពិគ្រោះយោបល់ជាមួយបញ្ហាការ ​អ.ស.ប ស្តីពីមធ្យោបាយបញ្ឈប់អំពើអមិត្តជាមួយកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — កូរ៉េខាងត្បូងបានធ្វើការពិគ្រោះយោបល់ ហើយនឹងបន្តធ្វើការពិគ្រោះយោបល់ជាមួយបញ្ហាការ អ.ស.ប ស្តីពីមធ្យោបាយដើម្បីបញ្ឈប់នូវសកម្មភាពអមិត្តក្នុងតំបន់ព្រំដែនអន្តរកូរ៉េ ដែលបានព្រមព្រៀងគ្នា ដោយកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក្នុងអំឡុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ ក្នុងក្រុងព្យុងយ៉ាង កាលពីសប្តាហ៍ កន្លងទៅ ។

អ្នកនាំពាក្យក្រសួងការពារប្រទេសកូរ៉េខាងត្បូង លោកស្រី ឆយ យុន-សូ ( ChoiHyun-Soo ) បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា បញ្ហាការ អ.ស.ប បានចែករំលែកទស្សនៈលើកិច្ចព្រមព្រៀងអន្តរកូរ៉េ ស្តីពីកិច្ចការយោធា ដែលបានចុះហត្ថលេខាដោយប្រមុខ ការពារប្រទេសរបស់កូរ៉េទាំងពីរ នៅខាងក្រៅកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនចា -អ៊ីន ( Moon Jae in ) នឹងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន( KimJong un ) ។

លោក មូន បានធ្វើទស្សនកិច្ច៣ថ្ងៃនៅក្រុងព្យុងយ៉ាង កាលពីសប្តាហ៍កន្លងទៅ ដើម្បីធ្វើកិច្ចប្រជុំ កំពូលលើកទី៣ របស់លោក ជាមួយលោក គីម ។ នៅថ្ងៃទី២នៃកិច្ចប្រជុំកំពូលនេះ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសក្រុងព្យុងយ៉ាង ដោយឡែកប្រមុខការពាររបស់ភាគីទាំងពីរ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងយោធា ។

នៅក្រោមកិច្ចព្រមព្រៀងយោធានេះ ភាគីទាំងពីរបានរៀបចំតំបន់ទ្រនាប់នៅលើដី, ក្នុងទឹកនិង អាកាសក្បែរព្រំដែន ដែលបានទុកឱ្យឧបទ្វីបកូរ៉េបែកចេញពីគ្នា ជាផ្នែកនែកិច្ចប្រឹងប្រែង ដើម្បីបញ្ឈប់អំពើ អមិត្តទាំងអស់ចំពោះគ្នាទៅវិញទៅមក ។

កូរ៉េទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរ ដកប៉ុស្តិ៍ការពារចំនួន១១នៅខាងក្នុងតំបន់គ្មានយោធា ( DMZ ) ជាតំបន់ព្រំដែនអន្តរកូរ៉េប្រដាប់អាវុធយ៉ាងខ្លាំងក្លាមួយ លើមូលដ្ឋានសាកល្បង ។ អ្នកនាំពាក្យនោះបាននិយាយថា កូរ៉េខាងត្បូងបានធ្វើការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយ បញ្ជាការ អ.ស.ប ដែលបានដោះស្រាយកិច្ចការយោធានៅក្នុង DMZ ស្តីពីកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលរួមមានទាំងការដកប៉ុស្តិ៍ឆ្មាំការពារចេញពី DMZ ផង ។
លោក​ស្រី បាននិយាយថា ក្រសួងការពារប្រទេសនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ នឹងការពិគ្រោះ យោបល់ជាមួយបញ្ជាការ អ.ស.ប ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)