ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នឹងទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគីរយះពេល៣ថ្ងៃ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកអាត ចន្ធូ ៖

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអះអាងថា ឯកឧត្ត្មម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងក្រសួងការបរទេស និងសហប្រតិបត្តិការ និឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគីរយះពេលបីថ្ងៃដោយចាប់ពីថ្ងៃទី ១ ខែតុលា រហូតដល់ថ្ងៃទី៣ ខែតុលា។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨នេះបានឲ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន នឹងទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគីដើម្បី ពិភាក្សាអំពីបញ្ហាផ្សេងៗដែលជាការព្រួយ បារម្ភនិងយកចិត្តទុកដាក់ រួមក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេរភាគី តំបន់ និងអន្ដរជាតិ ព្រមទាំងផ្ដោតលើកិច្ចខិតខំប្រឹងប្រែង នានាដើម្បីពង្រឹងបន្ថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ និងស្វែងរកសក្តានុពលថ្មីៗក្នុងការជំរុញផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ។

ប្រភពដដែលបានបន្ថែមទៀតថា ឯកឧត្តមរដ្ឋមន្ដ្រីទាំងពីរ និឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបណ្ឌិតសភាការទូតនៃក្រសួងការបរទេសនៃសាធារណរដ្ឋតួកគី ហើយបន្ទាប់មកនឹងមានសន្និសិទសារព័ត៌មាន។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នឹងអញ្ជើញដាក់កំរងផ្កានៅវិមានអានីតកាបៀ ដែលជាវិមានគោរពវិញ្ញាណក្ខន្ទ នឹងបន្ដជួបពិភាក្សាជាមួយសមាជិកគណៈកម្មាធិការកិច្ចការបរទេស និងមិត្ត្ភភាពនៃរដ្ឋសភាតួកគី។

សូមបញ្ជាក់ថា កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូត នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ក្នុងឆ្នាំ២០១៩ ខាងមុននេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូឲ្យកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។