ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរ​មីន​កម្ពុជា​ ប្ដេជ្ញា​បោសសម្អាត​មីនឱ្យអស់ឆ្នាំ២០២៥ និងអំពាវនាវជំនួយធនធានមនុស្ស និងបច្ចេកទេសដោយស្ម័គ្រចិត្ដពីអន្ដរជាតិ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ –ដោយសារតែ​កម្ពុជា​កំពុង​ឆ្លើយ​ទៅនឹង​ផែនការ​កម្ពុជា​គ្មាន​មីន នៅ​ឆ្នាំ​២០២៥ខាងមុខ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ដ្រីទទួលបេសកកម្មពិសេស និងជាអនុប្រធានទី១នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានឱ្យ​ដឹងថា បច្ចុប្បន្ន​ប្រតិបត្តិ​ករ​ដោះមីន​នៅ​មិនទាន់​គ្រប់​តម្រូវការ​នៅឡើយ ដោយ​តម្រូវការ​ឱ្យអន្តរជាតិ​ចូលរួមដោយស្ម័គ្រចិត្ត​​បន្ថែមទៀត នូវ​ចំនួន​ប្រតិបត្តិ​ករ​ក្នុងពេល​បច្ចុប្បន្ន ជួយលើវិស័យដោះមីន​ ពិសេសធនធានមនុស្ស និងបច្ចេកទេស ។​

ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស័យសកម្មភាពមីនកម្ពុជា(MACC) កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នាក់ការអគ្គលេខាធិ ការអាជ្ញាធរមីនកម្ពុជា ដែលមាន​ការចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ, ដៃគូរ​អភិវឌ្ឍន៍, និង​គ្រប់​ប្រតិបត្តិ​ករ   ​វិស័យ​សកម្មភាព​មីន ចូលរួមផងដែរ ​ ។

      ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ  មានប្រសាសន៍ថា ថវិកា​នៅមាន​ការខ្វះខាត​យ៉ាងច្រើន​សម្រាប់​ដំណើរការ​បោសសម្អាត​មីន យ៉ាងណាក្តី​ធនធានមនុស្ស ​គឺជា​រឿង​សំខាន់​ផងដែរ​សម្រាប់​ការ​ដោះ​មីន​ឱ្យ​អស់ពី​កម្ពុជា​។  តែថ្ងៃនេះបើទោះបីកម្ពុជាកំពុងខ្វះខាតបែបនេះក្ដី ក៏កម្ពុជាត្រូវតែប្ដេជ្ញាចិត្ដ និងឆ្លើយតបតាមផែនការកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ។ ប៉ុន្តែ​ដើម្បីទទួលបានជោគជ័យ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥ ក្នុងនោះ​  អង្គភាព​ស៊ីម៉ាក់​បាន​កម្ទេច​មីន និង​គ្រាប់​សំណល់​មិនទាន់​ផ្ទុះ​ បានជាង ​២​លាន ៧​សែន​គ្រាប់​ ដោយ​ភាគច្រើន​យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុង​អំឡុង​ដើម​ទសវត្ស​ន៍ទី​៧០ ​។ ជាមួយគ្នា​នោះដែរ អស់​រយៈពេល​២៥​ឆ្នាំ ដែល​វិស័យ​មួយ​នេះ​បានប្រែក្លាយ​ដី​តំបន់​ដែលមាន​មីន​ ទៅជា​ដី​តំបន់អភិវឌ្ឍន៍លំនៅឋាន ជាដី​បង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ​ ៕

ដោយសួស សំរិត