ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តល់អាហារូបករណ៍ក្នុងស្រុកចំនួន៤០កន្លែងដល់សិស្ស ប្រឡងជាប់បាក់ឌុបឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ –ប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កាលពីព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកោះធំ បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវង្សានៅវត្តព្រែកតាដួង ក្នុងស្រុកកោះធំ ខេត្តកណ្តាល ដើម្បីសុំសេចក្តីសុខ សេចក្តី ចម្រើន និងចូលរួមចំណែកដល់ការកសាងព្រះពុទ្ធសាសនាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ និងលោកគ្រូអ្នកគ្រូថ្នាក់ទី១២ ប្រមាណ៥២០នាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្រៀនសិស្សានុសិស្សឱ្យទទួលបានជោគជ័យ និងទទួលបានលទ្ធផលល្អ ទោះបីការប្រឡងឆ្នាំ២០១៨នេះមិនទទួលបាននិទ្ទេសAក៏ដោយ ក៏ប៉ុន្តែនិទ្ទេសBមានការកើនឡើងគួរឱ្យកត់សម្គាល់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្មួយៗសូមកុំឱ្យភ្លេចឫសគល់របស់ខ្លួនដែលជាកូនអ្នកស្រុកកោះធំ ត្រូវខំប្រឹងប្រែងរៀនសូត្រឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត បង្កើនចំណេះដឹងឱ្យបានទូលំទូលាយ ដើម្បីអាចស្វែងរកការងារធ្វើបានល្អ ក៏ដូចជាយកចំណេះដឹងនោះមកបម្រើស្រុកកំណើតយើងវិញ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យសិស្សានុសិស្សដែលទទួលបានជ័យលាភី ទាំង៥២០នាក់ អាចប្រើប្រាស់អាង ហែលទឹកនៅកីឡដ្ឋានស្រុកកោះធំដោយឥតគិតថ្លែដើម្បីហ្វឹកហាត់ហែលទឹកឱ្យមានជំនាញពិតប្រាកដ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តល់អាហារូបករណ៍ក្នុងស្រុកចំនួន៤០កន្លែង និងសន្យាខិតខំប្រឹងប្រែងស្វែងរកអាហារូបករណ៍បរទេសបន្ថែមដល់សិស្សានុសិស្សជ័យលាភីផងដែរដើម្បីអាចមានឱកាសទៅសិក្សានៅក្រៅប្រទេស ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបាននាំយកថវិកាមួយចំនួនចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងពិធីនេះផងដែរ។

ក្រោយពិធីសំណេះសំណាលជាមួយសិស្សានុសិស្សរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញធ្វើដំណើរ ចុះចែកអំណោយ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួនពីរខ្សែប្រវែងសរុប .៥០០ម៉ែត្របន្ថែមទៀត ឋិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ .១៨៥នាក់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងជាការអនុវត្តតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យខិតខំប្រឹងប្រែងបម្រើប្រជារាស្ត្រឱ្យបានទ្វេដង និងធ្វើខ្លួនជាអ្នកបម្រើរាស្ត្រយ៉ាងពិតប្រាកដ៕

ដោយទូច វលក្ខណ៍