ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់បុរីញ៉ូយ៉ក សហរដ្ឋអាមេរិក ប្រកដោយសុវត្តិភាពហើយ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោសេងគ្រី៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់បុរីញ៉ូយ៉ក សហរដ្ឋអាមេរិក ប្រកដោយសុវត្តិភាពហើយ កាលពីវេលាម៉ោង១៥និង៥៥នាទីរសៀល ថ្ងៃទី២៧កញ្ញា ម៉ោងនៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ត្រូវនិងម៉ោង៣និង៥៥នាទីទាបភ្លឺ ថ្ងៃទី២៨កញ្ញា ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៣ ដែលសម្តេចនឹងអញ្ជើញថ្លែងសុន្ទរកថា ទៅកាន់អង្គមហាសន្និបាត របស់អង្គការសហប្រជាជាតិ នៅវេលាថ្ងៃត្រង់ថ្ងៃទី២៨កញ្ញា។

នៅអាកាសយានដ្ឋានអន្តរជាតិ ញ៉ូវ៉ាក រដ្ឋញ៉ូវយេស៊ី វត្តមាននៃការអញ្ជើញដល់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ ពីឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅបុរីញ៉ូវយ៉ក ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ និងព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។

បន្ទាប់ពីធ្វើការចុះចតដោយសុវត្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិញ៉ូវ៉ាក រដ្ឋញ៉ូវយេស៊ី សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ផ្លូវក្រោមសមុទ្រ ឆ្ពោះទៅកាន់សណ្ឋាគារមីលីនៀម ហ៊ីលតុន ក្នុងបុរីញ៉ូវយ៉ក ក្បែរនិងអគារការិយាល័យរបស់អអ្គការសហប្រជាជាតិ។ នៅសណ្ឋាគារមីលីនៀម ហ៊ីលតុន វត្តមាននៃការអញ្ជើញ ដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ពីសំណាក់ប្រជាពលរដ្ឋដែលដែលជាតំណាងសហគមន៍ខ្មែររស់នៅសហរដ្ឋ អាមេរិក និងកាណាដា ជាច្រើនរូប។

សូមបញ្ជាក់ដែរថា ដំណើរទៅកាន់បុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពេលនេះ គឺជាដំណើរបំពេញទស្សនកិច្ចការងារទៅកាន់បរទេសលើកទី៤ បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ នៃរដ្ឋសភា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៦ ខែកញ្ញាកន្លងទៅថ្មីៗ ដែលរហូតមកដល់ពេលនេះ ទើមមានរយះពេល២១ថ្ងៃ។

មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកនេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ធ្វើឲ្យអង្គការសហប្រជាជាតិ មានសារសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់: ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព»។ នៅក្នុងរបៀបវារះដ៏មានសារសំខាន់នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងធ្វើសេចក្តីថ្លែងការណ៍ ផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួម។

ក្នុងឱកាសនៃការអញ្ជើញចូលរួម ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ក្នុងឆ្នាំ២០១៨នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី ឯកឧត្តម ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។ ក្នុងអំឡុងពេលស្នាក់នៅបុរីញូវយ៉កនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងជួបជាមួយសហគមន៍ខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា។ ទាក់ទិនទៅនិងសំណួររបស់អ្នកយកព័ត៌មានវីអូអេ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ យ៉ាងដូច្នេះថា (ដាក់សម្លេងដើមសម្តេច)

ចំពោះព័ត៌មាន ស្តីពីសកម្មភាព សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមមហា សន្និបាត អង្គការសហប្រជាជាតិលើកទី៧៣ នៅបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក វិទ្យុយើងនឹងជាបន្តបន្ទាប់ទៅទៀតនៅពេលទទួលបានព័ត៌មានពីអ្នកយកព័ត៌មាន ពិសេសរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ។