ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម យន្ត មីន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តន៍បន្ត

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេច បានប្រចាំខែកញ្ញា ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។


កិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានប្រចាំខែកញ្ញាឆ្នាំ២០១៨នេះ មានរបៀបវារៈចំនួន៨ ដែលលើកយកពិភាក្សា និងដោះស្រាយរកចំណុចខ្លាំង និងចំណុច ខ្លាំងចំណុចខ្សោយ និងដាក់ចេញនូវវិធានការអនុវត្តន៍បន្តប្រចាំខែតុលាខាងមុខ។

ឯកឧត្តម យន្ត មីន បានមានប្រសាសន៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំប្រចាំខែកញ្ញា ដោយបានកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់មន្ទីរ ស្ថាប័ន អង្គភាពនានាអនុវត្តទទួលបានលទ្ធផលល្អ ទន្ទឹមនឹងលទ្ធផលល្អ ក៏នៅមានចំណុច អវិជ្ជមានមួយចំនួនដែលយើងត្រូវរួមគ្នាដោះស្រាយបន្តទៀត។


ឯកឧត្តមបន្តថា ដោយសាររដូវវស្សា ឆ្នាំ២០១៨នេះ នៅទូទាំងប្រទេសមានភ្លៀង ធ្លាក់ជោគជាធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ មានដូចជាផ្លូវថ្នល់រងនូវការខូចខាតយ៉ាងដំណំ ជាពិសេសនៅក្រុងព្រះសីហនុរបស់យើង ទាមទារឱ្យមន្ត្រីជំនាញធ្វើការកែលម្អ និងជួសជុលជាបន្ទាន់ ដើម្បីជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របពេលដែលខេត្តព្រះសីហនុ កំពុងត្រូវបានធ្វើការអភិវឌ្ឍយ៉ាងកំហុកមានដូចជា អគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ ផ្ទះសំណាក់ កំពុងត្រូវបានសាងសង់យ៉ាងច្រើន ដែលជាកត្តាធ្វើឱ្យផ្លូវថ្នល់ រងនូវការខូចខាតយ៉ាងធ្ងន់ធ្ង ដូច្នេះនៅពេលរាំងភ្លៀង យើងនឹងធ្វើការជួសជុលជាបន្ទាន់ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សានខេត្តព្រះសីហនុ ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ។

ឯកឧត្តម យន្ត មីន ក៏បានជំរុញឱ្យសាលាក្រុងពន្លឿនក្រុមហ៊ុនប្រមូលសំរាម ធ្វើយ៉ាងណាប្រមូលសំរាមចេញពីទីប្រជុំជនឱ្យបានទាន់ពេលវេលា ដើម្បីធានាបានបរិស្ថាន អនាម័យជាទីក្រុងទេសចរណ៍ និងជាការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត អាស៊ាននាពេលខាងមុខ៕

ដោយ ងូ សុមុនី