ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុងកំពតនឹងត្រូវបានចុះបញ្ជី ជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ

AKP កំពត ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — ដោយមើលឃើញអំពីសក្តានុពលរបស់ខេត្តកំពត ពិសេសពាក់ព័ន្ធនឹងសំណង់ស្ថាបត្យ កម្មបន្សល់ទុកពីជំនាន់សម័យអាណានិគមបារាំង ក្រសួងទេសចរណ៍បានសហការ ជាមួយក្រសួងវប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធនានា បាន និងកំពុងខិតខំប្រឹងប្រែងចងក្រងរៀបចំបញ្ជីបេតិកភណ្ឌដើម្បីស្នើសុំទៅអង្គការយូនីស្កូ ចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោក។

នេះបើតាមការលើកឡើងរបស់ លោក កើត ពុទ្ធវរី នាយកវិទ្យាស្ថានជាតិទេសចរណ៍ ប្រាប់អ្នកសារព័ត៌ក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងកសាងឯកសារបឋម នៃក្រុងកំពតដែលត្រៀមចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្ត។

លោកបានបន្តថា ការចងក្រងឯកសារ ដើម្បីដាក់បញ្ចូលក្រុងកំពតចូលក្នុង បញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក ជាកិច្ចការរួមគ្នា រវាងក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធនានា ក្រុងការរៀបចំចងក្រង ជាផែនការសកម្មភាព ក្នុងការអភិរក្សតំបន់បេតិកភណ្ឌ ទាំងអស់នេះ ឱ្យក្លាយជាផលិតផលទេសចរណ៍មួយថ្មីរបស់ប្រទេសជាតិ ដើម្បីបង្ហាញឱ្យភ្ញៀវទេសចរ មកទស្សនាយល់អំពីអត្តសញ្ញាណជាតិរបស់យើង ដែលមានវ័យចំណាស់នៅក្នុងតំបន់អាស៊ី ពិសេសដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជួនពលរដ្ឋ ក៏ដូចជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមគោលការណ៍យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ។ នេះជាលើកទីមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការចងក្រងឯកសារស្នើសុំចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោក។

ជាមួយនេះ លោកស្នើដល់អាជ្ញធរ មន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ត្រូវសហការរួមគ្នាថែរក្សាអភិរក្សសំណង់បេតិកភណ្ឌទាំងអស់នោះឱ្យបានគង់វង្ស ពិសេសយើងទាំងគ្នាចូលរួមសម្អាតអនាម័យ បរិស្ថានលើកកម្ពស់សោភណ ភាពទីក្រុងបង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន។

អ្នកម្នាងបណ្ឌិត ស៊ីសុវត្តិ ម៉ែន ច័ន្ទទេវី នាយិកាមជ្ឈមណ្ឌលបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ផងដែរថា កន្លងមករាជរដ្ឋាភិបាលដែលមានក្រសួង វប្បធម៌និងវចិត្រសិល្បៈ បានរៀបចំគម្រោងសិក្សាអំពីទីបីដើម្បីដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌ មានខេត្ត បាត់ដំបង កំពត និងក្រចេះ។

សូមបញ្ជាក់ថា បើតាមចក្ខុវិស័យព្យាករណ៍របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅឆ្នាំ២០២០កម្ពុជា នឹងមានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៧លាននាក់ជាមួយចំណូលជាង៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ១លាននាក់និងដោយប្រយោលរាប់លាននាក់ថែមទៀតផង៕

ដោយ ប្រាក់ លាង