ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក សួន ស៊ីណេត បានក្លាយខ្លួនជាអាជីវករលក់រទេះគោបុរាណដោយជោគជ័យ

AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨​ — លោក សួន ស៊ីណេត ជាប្រជាពលរដ្ឋរស់នៅភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមាន​ទឹកចិត្ត​ស្រឡាញ់​រទេះគោ​បុរាណចាស់ៗ ដែល​ធ្វើ​អំពី​ឈើ​ប្រណីតៗ លោកក៏មានគំនិត​ទិញ​រទេះគោ​ យកមក​ដាក់តាំង​មុខផ្ទះ​ ក្រោយមក​ក៏មានអ្នក​មកសុំ​ទិញជា​បន្តបន្ទាប់​ ទើបរូបលោកបាន​ក្លាយជា​អាជីវករ​លក់​រទេះគោ​បុរាណនេះដោយជោគជ័យ។


​លោក សួន ស៊ី​ណេ​ត បាន​ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា​ ដោយមាន​ចិត្ត​ស្រឡាញ់​រទេះគោ​ខ្មែរ​បុរាណ ដែលជា​កេរដំណែល​របស់​ដូនតា​ខ្មែរ​ដែល​បច្ចុប្បន្ន​ស្ទើរតែ​បាត់អស់​ទៅហើយនោះ ដោយសារតែ​គ្មាន​ការផលិត​ឡើងវិញ ព្រោះ​ប្រជាពលរដ្ឋបាន​បោះបង់​រទេះគោ ធ្វើ​ពី​ឈើ​សម្រាប់​អូសទាញ​ដោយ​គោ ក្របីងាក​មក​ប្រើ​កម្លាំង​ម៉ាស៊ីន មក​ប្រើ​សម្រាប់​ការងារ កសិកម្ម ការអូសទាញ និង​ដឹកជញ្ជូន មានដូចជា​គោយន្ត ឬ​ត្រាក់ទ័រជំនួស​វិញ ទើប​ពីដំបូង​ឡើយ​លោក​គ្រាន់តែ​មានគំនិត​ទិញ​រទេះគោ​ចាស់ៗ​មក​ដាក់តាំង​មុខផ្ទះ​គ្រាន់តែ​លម្អមើល​តែប៉ុណ្ណោះ​។ ក្រោយមក​ក៏មាន​អ្នកធ្វើដំណើរ​ឃើញ និង​មាន​ទឹកចិត្ត​ស្រឡាញ់ ដូច​គាត់​ដែរ ក៏សុំ​ទិញ​ជា​បន្តបន្ទាប់​ពីគាត់ ហើយ​គាត់​ក៏​ចាប់ផ្ដើម​ទិញរ​ទះ​គោ​ចាស់ៗ​មក​ជួសជុល​លក់ ប៉ុន្តែ​កម្រ​ទិញ​បាន​ទាំងមូល​ណាស់ គឺ​ទិញ​បានជា​បំណែកៗ បែកបាក់​យកមក​ជួសជុល​ដាក់តាំង​លក់​តែម្ដង។

​លោក នួន ស៊ី​ណេ​ត បន្តថា រទេះគោ​ចាស់ៗ គឺ​ផលិតឡើង​ពី​ឈើប្រណីតៗ ដូចជា សុ​ក្រំ, ធ្នង់ ,នាងនួន និង​គ្រញូង ជាដើម ដែល​ធ្វើ​ឱ្យ​គាត់​កាន់​តែមាន​កម្លាំងចិត្ត​ប្រមូល​ទិញ​បន្ថែមទៀត។ ចំណែក​អតិថិជន​ដែល​បាន​ទិញ​រទេះគោ​ពី​បុរាណ​ពី​គាត់ គឺ​ភាគច្រើន​ទិញ​យកទៅដាក់​តាំង​លម្អ​នៅមុខ​ផ្ទះ នៅតាម​មុខ​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ឬ​តាម​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ជាដើម។ បច្ចុប្បន្ន មានអតិថិជន​ខេត្តបាត់ដំបង កុំ​ម្ម៉​ង់​ឱ្យ​គាត់​កែច្នៃ រទេះ​នោះ​ឱ្យមាន​សោ​ភណភាព​ថែមទៀត ដូចជា​ធ្វើជា​ក្បាល​នាគ សម្រាប់​ដាក់​នៅតាម ចុង​ព្រែក ចុង​ភ្នាក់ដៃ និង​នៅចុង​ចន្ទោល ដែល​ការតុបតែង​បែបនេះ គឺ​អ្នកទិញយកទៅ សម្រាប់បម្រើឱ្យកម្មវិធី បំបួស​នាគ ពិធី​បុណ្យទាន​ផ្សេងៗ និង​រៀប​អា​ពា​ហ៍ពិពាហ៍ជាដើម។


លោក ហឺ​ន សំ​បឿន ជាជាង​ជួសជុលរទេះគោបានឱ្យ​ដឹងថា លោក​ត្រូវបាន​អ្នកលក់​រទេះគោ ឱ្យ​គាត់​កែច្នៃប៉ះប៉ូវ រ​ទេះ​ឈើ​ចាស់ៗ​ទាំងនោះ ដែល​បាក់បែក​ត​ភ្ជាប់​គ្នា គឺ មានការ​លំបាក​ខ្លះៗ​ដែរ ដោយសារ​ថា​ឈើ​ខ្លះ​បាក់បែក​ទៅហើយ យើង​យកមក​កែច្នៃ​ត​ភ្ជាប់​គ្នា ទម្រាំ​តែ​ចេញ​បាន​រទេះ​មួយៗ គឺ​ជួប​ការលំបាក​ណាស់ដែរ។​

​លោក នួន ស៊ី​ណេ​ត សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមានរទេះ​ចាស់ៗ ទុកចោល​តាម​ភូមិ តាម​ព្រៃ សូម​យកមក​រក្សាទុក នៅ​កន្លែង​ដែលមាន​សុវត្ថិភាព​ដើម្បី​ទុកជា​វត្ថុ​បុរាណ ឱ្យ​កូនចៅ​បាន​ស្គាល់​ទៅ​ថ្ងៃក្រោយ៕

ដោយ សួស សំរិត