ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អត្តពលិកសីដក់កម្ពុជាឈ្នះមេដាយមាស ពានរង្វាន់ព្រះមហាក្សត្រថៃ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — ក្រុមអត្តពលិកកីឡាសីដក់កម្ពុជា បានឈ្នះមេដាយមាស ១វិញ្ញាសាក្រុមបុរស ៣នាក់ ទល់ ៣នាក់ ពីក្នុងព្រឹត្តិការណ៍ពានរង្វាន់ព្រះមហាក្សត្រថៃ King’s Cup លើកទី៣៣ នៅប្រទេសថៃ បន្ទាប់ពីយកឈ្នះក្រុមអូស្រ្តាលី នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយ លទ្ធផល ២សិត០ ក្នុងពិន្ទុ២១ទល់១៨ និង២៥ទល់២៤។


មន្ត្រីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបានឱ្យដឹងពីប្រទេសថៃមកថា មុននឹងឡើង ដល់ ដណ្តើមមេដាយមាសនេះ គឺក្រុមសីដក់កម្ពុជាបានឈ្នះប្រកួតទី១ ជាមួយបង់ក្លាដេស ២សិតទល់១សិត, ប្រកួតទី២ កម្ពុជាឈ្នះបារាំង២-១, ប្រកួតទី៣ កម្ពុជាឈ្នះ អាល្លឺម៉ង់ ២ទល់១ដែរ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជាឈ្នះ អូម៉ង់ ២ទល់១ ក្នុងពិន្ទុ ១៤ទល់២១, ២១ទល់៧ និង២១ទល់១០ និងនៅវគ្គផ្តាច់ព្រ័ត្រ គឺកម្ពុជាឈ្នះ អូស្រ្តាលី ២សិត០ ក្នុងពិន្ទុ ២១ទល់១៨, ២៥ទល់២៤ ហើយបានឈ្នះមេដាយមាសតែម្តង។


គួរបញ្ជាក់ថា ការប្រកួតកីឡាសីដក់ ពានរង្វាន់ព្រះមហាក្សត្រថៃ លើកទី៣៣ នៅប្រទេសថៃ នេះ គឺមាន៣៥ ប្រទេសចូលរួម ដែលបានដំណើរប្រកួតពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងនោះកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនី និងប្រតិភូសរុប៣២នាក់៕

ដោយ ហេង ណាលីន