ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បណ្តាអ្នកពាក់ព័ន្ធមកពីអង្គការជាតិ អន្ដរជាតិ មន្ទីរ អង្គភាពនានាក្នុងខេត្តសៀមរាបជាង ២០០នាក់ បាននាំគ្នាជិះកង់ក្នុងយុទ្ធនាការសៀមរាបគ្មានផ្សែងបារី

AKP សៀមរាប ថ្ងៃទី២៧ ខែកញ្ញា ឆ្នំា២០១៨ — ប្រជាពលរដ្ឋ អង្គការជាតិ អន្ដរជាតិ មន្ទីរ អង្គភាពនានាក្នុងខេត្ដសៀមរាបប្រមាណ ជាង២០០នាក់ បានបើកយុទ្ធការ​ការដោយអ្នកជិះកង់ ដែលបានជួបជុំគ្នានៅទីធ្លាហាត់កីឡា ជិតព្រះអង្គចេកព្រះអង្គចមរួច ជិះកង់តាមបណ្តាផ្លូវនានាក្នុងក្រុងសៀមរាប លើចម្ងាយផ្លូវ ជាង២០គីឡូម៉ែត្រ កាលពីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កម្មវិធីដែលរៀបចំនាពេលនេះ គឺជាការចូលរួមផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ និង រាល់លិខិតបទដ្ឋានគតិយុត្ដនានាដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្ម ប្រជាពលរដ្ឋ និងអ្នក ទេសចរជាតិ អន្តរជាតិទាំងអស់ ដើម្បីចូលរួមអនុវត្តន៍បរិស្ថានក្រុងសៀមរាបគ្មានផ្សែង បារីទាំងអស់គ្នា។

ឯកឧត្តមបន្តថា ពាក្យថាក្រុងសៀមរាបគ្មានផ្សែងបារីនេះ មិនមែនមានន័យ ថា លែងឱ្យមានការជក់បារីនៅក្នុងក្រុងសៀមរាបនោះទេ ប៉ុន្តែអ្នកជក់បារីត្រូវគោរពច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលមានជាអាទិ៍ដូចជា ហាមការជក់បារីក្នុងអគារ កន្លែង ធ្វើការ ឬកន្លែងសាធារណៈ ហាមជក់បារីក្នុងមធ្យោបាយធ្វើដំណើរសាធារណៈ ហាមជក់បារី ក្នុងគ្រឹះស្ថានសាសនា សារមន្ទីរ រមណីយដ្ឋានប្រវត្តិសាស្រ្ត កន្លែងហាត់ប្រាណ ស្ថានីយ៍ប្រេង ឥន្ធនៈ និងកន្លែងងាយឆាបឆេះ។ឯកឧត្តមបានបន្ដថា ប៉ុន្តែពួកគាត់អាចជក់បារីបាន នៅក្រៅ អគារចំងាយ៥ម៉ែត្រ ពីច្រកចេញចូល។ យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ ដោយសារជំងឺដែលបង្កមកពីការជក់បារីមានប្រមាណជាង១៦ពាន់នាក់ នៅក្នុងពិភពលោក ក្នុងមួយឆ្នាំៗពោលគឺច្រើនជាង៣០នាក់ក្នុងមួយថ្ងៃ។ ទិន្នន័យនេះដែលបង្ហាញថា កម្ពុជា ក៏បានចំណាយថវិកាចំនួន១៦៣លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ទៅលើការព្យាបាលជំងឺ ចម្បងចំនួន៥មុខដែលបណ្តាលមកពីការជក់បារីរួមមាន៖ ជំងឺមហារីកសួត ជំងឺស្ទះសរសៃ បេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺរបេង ត្បៀតទងសួតរ៉ាំរ៉ៃ។ ទន្ទឹមនេះ ពលរដ្ឋកម្ពុជា ក៏បានចំណាយថវិកាលើការទិញបារីប្រមាណ២០០លានដុល្លារក្នុងមួយឆ្នាំៗផងដែរ៕

ដោយ ឃុត សៅ