ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងវប្បធម៌ អំពាវនាវឱ្យយុវជនកម្ពុជាងាកមកចាប់អារម្មណ៍រៀនជំនាញឧស្សហកម្ម វប្បធម៌ឱ្យបានច្រើន

AKP សៀមរាប ថ្ងៃទី២៧ ខែកញ្ញា ឆ្នំា២០១៨ — មន្រ្តីខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវឱ្យយុវជនកម្ពុជា ងាកមកចាប់​អារម្មណ៍រៀនជំនាញឧស្សហកម្មវប្បធម៌ ដើម្បីចូលរួមធ្វើការអភិវឌ្ឍវិស័យមួយនេះឱ្យមាន ភាពរីកចម្រើនទាំងនៅថ្នាក់ជាតិ និងក្នុងតំបន់។
ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន ប្រសាសន៍ថា អ្វីដែលមន្រ្តីជំនាញខាងវប្បធម៌ទាំងអស់ចង់បាន ចង់ឱ្យយុវជនចាប់អារម្មណ៍ រៀនជំនាញផលិតវត្ថុសិល្បៈផ្សេងៗដើម្បីលក់ទទួលបានប្រាក់ចំណូលផង និងមានចំណេះ ដឹងសម្រាប់បង្រៀនដល់អ្នកជំនាន់ក្រោយបន្តវេនទៅមុខ និងធ្វើការអភិឌ្ឍវិស័យមួយនេះ ឱ្យភាពរីកចម្រើនបន្ថែមទៀត។ក្នុងសន្និសីទមេគង្គ-ឡានឆាងស្តីពីសហគ្រាសវប្បធម៌ធុនតូច និងមធ្យម តួនាទី យុវជនក្នុងការអភិវឌ្ឍសហគ្រាសវប្បធម៌ធុនតូច និងមធ្យម ប្រកបដោយចីរភាព នៅខេត្ត សៀមរាបនៅព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នំា២០១៨ ឯកឧត្តម សំរាំង កំសាន្ត បានបញ្ជាក់ថា ការជួប ប្រជុំរបស់មន្រ្តីជំនាញខាងវប្បធម៌នៃប្រទេសមេគង្គ-ឡានឆាងនៅថ្ងៃនេះ និងពិភាក្សាគ្នាដោយ សំខាន់ទៅលើឧស្សហកម្មវប្បធម៌ ព្រោះឧស្សហកម្មវប្បធម៌ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចលើកស្ទួយ ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការផលិតវត្ថុសិល្បៈ។ ឯកឧត្តមបានបន្ដថា សម្រាប់ការ អភិវឌ្ឍឧស្សហកម្មវប្បធម៌កម្ពុជា គឺនៅដើរយឺតជាងប្រទេសផ្សេងៗទៀត ដោយសារកម្ពុជា នៅខ្វះធនធានមនុស្សដែលមានជំនាញពិតប្រាកដខាងឧស្សហកម្មវប្បធម៌ ខ្វះធនធានសម្ភារ និងធនធានថវិកា។ ប៉ុន្តែកម្ពុជាកំពុងតែខិតខំធ្វើការអភិវឌ្ឍឧស្សហកម្មវប្បធម៌នេះ ឱ្យមាន ភាពជឿនលឿនដូចបណ្តាប្រទេសមេគង្គ-ឡានឆាង។

ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវឱ្យយុវជនកម្ពុជាងាកចេញពីការសប្បាយភ្លើត ភ្លើន ងាកមកចាប់អារម្មណ៍រៀនជំនាញឧស្សាហកម្មវប្បធម៌នេះឱ្យបានច្រើន ដើម្បីចូលរួមធ្វើ ការអភិវឌ្ឍវិស័យមួយនេះឱ្យមានភាពរីកចម្រើនទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់។ ឯកឧត្តមបានគូសបញ្ជាក់ទៀថា ប្រទេសកម្ពុជាតាំងពីបុរាណកាលមក គឺជាប្រទេសដែល មានភាពសម្បូរបែបខាងឧស្សហកម្មវប្បធម៌ និងជាប្រទេសដែលមានប្រាសាទបុរាណ ដ៏អស្ចារ្យគ្មានក្នុងលោក និងបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។ ដូច្នេះយុវជនជំនាន់ក្រោយ ត្រូវរៀនជំនាញមួយនេះឱ្យបានច្រើន ដើម្បីធ្វើឱ្យទេសកម្ពុជានៅតែមានភាពល្បីល្បាញ ខាង ឧស្សហកម្មវប្បធម៌នេះ។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទនេះ នឹងផ្ដល់ឱកាស់សម្រាប់យុវជន ដែលជាសមា ជិកនៃប្រទេសមេគង្គ-ឡានឆាង បានចូលរួមយ៉ាងស៊ីជម្រៅក្នុងសកម្មភាពវប្បធម៌ ដែល ផ្អែក លើផែនការសកម្មភាពនេះ សមភាគីចិន និងយុវជន CLMTV ដែលមានកម្ពុជា, ឡាវ, មីយ៉ានម៉ា, ថៃ, និងវៀតណាម នឹងបានរៀនសូត្រ ស្វែងរកនូវយន្ដការក្នុងការសិក្សាស្រាវជ្រាវ ស្ដីពីសហគ្រាសវប្បធម៌ធុនតូច និងធុនមធ្យម។ ជាមួយគ្នានេះ ក៏នឹងមានការផ្លាស់ប្ដូរនូវ ចំណេះដឹង បទពិសោធន៍ រួមនឹងការប្រតិបត្តិក្នុងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់សហ​គ្រាសវប្បធម៌ធុនតូច និងធុនមធ្យម នាពេលអនាគត ដោយរាប់បញ្ចូលនូវការរៀបចំ គោលដៅ គោលបំណងជាយុទ្ធសាស្ត្រ និងផែនការសកម្មភាពច្បាស់លាស់ផងដែរ៕

ដោយ ឃុត សៅ