ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បង្ហាញរបាយការណ៍ជម្លោះដីធ្លីទៅកាន់ប្រមុខរាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងបង្ហាញរបាយការណ៍ជម្លោះដីធ្លី និងសំណើរផ្សេងៗរបស់ ប្រជាពលរដ្ឋទៅកាន់ប្រមុខរាជរដ្ឋាភិបាលដើម្បីសម្តេចបានជ្រាប និងធ្វើការដោះស្រាយជួនពួកគាត់។

ក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ នៅវិមានសន្តិភាព ឯកឧត្តម ឈឹមផលវរុណ អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានមានប្រសាសន៍ថា សមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ បានរកឃើញថាមាន ជំលោះដីធ្លីនៅតំបន់មួយចំនួននៅខេត្តកណ្តាល សៀមរាប និងខេត្តព្រះស៊ីហនុជាដើម។

ឯកឧត្តម បញ្ជាក់ថា បន្ទាប់ពីប្រមូលបានព័ត៌មាន និងទទួលសូមណូមពរពីប្រជាពលរដ្ឋដែលជាអ្នករងគ្រោះដីធ្លី រួច ហើយនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នឹងផ្ញើរបាយការណ៍នេះ ជួនបន្តទៅសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីសម្តេចបាន ជ្រាបហើយដាក់ចេញនូវវិធានការដោះស្រាយជួនម្ចាស់ឆ្នោត។

ឯកឧត្តម ឈឹមផលវរុណ


សំឡេង៖ « មាននៅក្នុងរបាយការណ៍…ពាក់ព័ន្ធទៅនឹងអង្គសេចក្តីបញ្ហាដែលកើតមាន»

ឯកឧត្តម ញឹក ប៊ុន ឆៃដែលជាប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានប្រសាសន៍ថា រហួត មកដល់ពេលនេះ អាជ្ញាធរថ្នាក់ក្រោមជាតិមួយចំនួននៅមិនទាន់ដឹងពីតួនាទី ភារកិច្ចរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅឡើយទេ បើទោះបីជាស្ថាប័ននេះជាស្ថាប័នរបស់រដ្ឋធ្វើការងារបំរើជាពលរដ្ឋក៏ដោយ។

សំឡេង៖«ខ្ញុំសូមអំពាវនាវដែរ…សម្រាប់ប្រទេសជាតិ ប្រជាពលរដ្ឋរបស់យើង»។

ឯកឧត្តមបញ្ជាក់ថា អង្គប្រជុំបានសម្រេចថានឹងចេញអត្តសញាណប័ណ្ណសំគាល់សមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយប្រើត្រាទីស្តីការគណរដ្ឋមន្ត្រីដើម្បីប្រើប្រាស់ទូទៅជាប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ហើយបន្តខិតខំធ្វើការសហការជាមួយអាជ្ញាធនៅពេលចុះបំពេញបេសកម្ម ដូចជាការជួនដំណឹង ពីពេលលវេលា ទីកន្លែងដែលត្រូវទៅបំពេញការងារជាដើម។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាលើកដំបូងនេះមានការចូលរួម ពីតំណាងគណបក្សនយោបាយចំនួន១៦ដែលជាសមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ឯកឧត្តមញឹកប៊ុនឆៃ ប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់

ជាគោលការណ៍ឧត្តមក្រុមប្រឹក្សានេះ នឹងបើកកិច្ចប្រជុំក្នុងមួយខែម្តង ពោលគឺនៅសប្តាហ៍ទី៤ នៃខែនីមួយៗដើម្បីបូកសរុប ការងារ និងផ្តល់យោបល់ទៅរាជរដ្ឋាភិបាលជុំវិញបញ្ហានានាដែលស្ថាប័ននេះ រកឃើញ៕