ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីស្រាអែលប្តេជ្ញាបន្តធ្វើសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — តាមសេចក្តីថ្លែងការណ៍មួយដោយការិយាល័យរបស់នាយករដ្ឋមន្ត្រីឱ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ ( Ben Jamin Netanyahu ) បានប្តេជ្ញាកាលពីថ្ងៃពុធថា អ៊ីស្រាអ៊ែលនឹងបន្តធ្វើកម្មភាពប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។

លោក នេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ (​Donald Trump ) ក្នុងទីក្រុងញូវយ៉កនៅខាងក្រៅមហាសន្និបាត អ.ស.ប ដែលកំពុងប្រព្រឹត្តិទៅ ។

លោកបាននិយាយថា អ៊ីស្រាអែល នឹងបន្តធ្វើនូវអ្វីដែលចាំបាច់​ ព្រមទាំងការពារខ្លួន យើងប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី , លីបង់ នឹងកន្លែងដទៃទៀត ។

នៅពេលជាមួយគ្នានោះដែរ លោក ត្រាំ បានសំដែងការគាំទ្រសម្រាប់ដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះ អ៊ីស្រាអែល- ប៉ាឡេស្ទីន ដោយនិយាយថា រដ្ឋជ្វីហ្វ​ចាំបាច់ត្រូវធ្វើនូវអ្វីដែលល្អ សម្រាប់ភាគីដទៃទៀតទោះបីជាលោកគាំទ្រ រដ្ឋជ្វីហ្វ នេះ ១០០ ភាគរយក៏ដោយ ។

លោក ត្រាំ បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនានាត្រូវ តែល្អសម្រាប់ភាគីទាំងពីរ ។ កាលពីសប្តាហ៍កន្លងទៅបណ្តាប្រទេសសហភាពអឺរ៉ុបចំនួន៨ បានអំពាវនាវដល់ប្រទេសអ៊ីស្រាអែលឱ្យលុបចោលផែនការកម្ទេចចោលភូមិ Bedouin នៅវេសបែងរបស់ខ្លួន ។ បណ្តាប្រទេស EU បានសន្យាថា ពួកគេនឹងបន្តកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីជំរុញនូវដំណោះស្រាយរដ្ឋពីចំពោះជម្លោះអ៊ីស្រាអែល – ប៉ាឡេស្ទីន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )