ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាមមានឆន្ទៈក្នុងការជំរុញភាពជាដៃគូជាមួយកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋាភិបាល និងប្រជាជនវៀតណាម ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការងារជាមួយកូរ៉េខាងត្បូង ដើម្បីលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅថែមទៀត ដែលស្របតាមការយល់ឃើញរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាពិសេសស្របតាមស្របតាមសេចក្តីថ្លែងការណ៍រួមរវាងវៀតណាម និងកូរ៉េខាងត្បូង ឆ្ពោះទៅអនាគត ដែលបានចុះហត្ថលេខាកាលពីខែមីនា ឆ្នាំ ២០១៨ ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ក្នុងអំឡុងកិច្ចប្រជុំមួយនៅទីក្រុងហាណូយ កាលពីថ្ងៃទី ២៦ ខែកញ្ញា ជាមួយសមភាគីកូរ៉េខាងត្បូង លោក Lee Nak-yon ដែលបានមកធ្វើទស្សនកិច្ចនៅវៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធប្រធានាធិបតីវៀតណាម លោក Tran Dai Quang ។

ក្នុងនាមគណបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម នាយករដ្ឋមន្រ្តី Phuc បានថ្លែងអំណរគុណដល់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងភរិយារបស់លោក ចំពោះសារលិខិតរំលែកទុក្ខ និងលោក Lee ដែលបានអញ្ជើញមកប្រទេសវៀតណាមដើម្បីគោរពវិញ្ញាណក្ខន្ធប្រធានាធិបតីវៀតណាម លោក Quang ដោយលោក Phuc បាននិយាយថា នេះ គឺជាការបង្ហាញជាក់ស្តែងនូវមនោសញ្ចេតនារបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូងចំពោះវៀតណាម។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីវៀតណាម លោក Phuc បានសង្កត់ធ្ងន់ទៅលើសមិទ្ធផលកាលពីអតីតកាលក្នុងទំនាក់ទំនងទ្វេភាគី ដោយលោកបាននិយាយបន្ថែមថា ការផ្លាស់ប្តូរកម្រិតខ្ពស់ត្រូវបានរក្សាជំនឿទុកចិត្តផ្នែកនយោបាយ ត្រូវបានពង្រឹង និងផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន បានក្លាយទៅជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងមិត្តភាពវៀតណាម – កូរ៉េខាងត្បូង។

លោកបាននិយាយថា ភាគីទាំងពីរចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងក្នុងវិស័យផ្សេងៗដើម្បីសម្រេចបានគោលដៅដែលបានកំណត់។ តាងនាមឱ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូងលោកនាយករដ្ឋមន្ត្រី Lee បានសម្តែងការសោកស្តាយយ៉ាងពន់ពេកចំពោះការបាត់បង់ប្រធានាធិបតីវៀតណាម លោក Quang ដោយលោកបាននិយាយថា នេះ គឺជាការបាត់បង់ដ៏ធំធេងចំពោះទំនាក់ទំនងទ្វេភាគី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)