ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម វេង សាខុន និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ជួបពិភាក្សាការវិនិយោគលើវិស័យ កសិកម្ម និងពិនិត្យលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ –កាលពីរសៀលថ្ងៃពុធ ០២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលជួបឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុនកសិកម្មធំៗនាំមុខគេទាំង ១៥ នៅសហរដ្ឋអាមេរិកមានជាអាទិ៍ ក្រុមហ៊ុនគីមីឧស្សាហកម្ម ក្រុមហ៊ុនផលិតឧបករ ណ៍ សម្ភារសម្រាប់ឧស្សាហកម្មម្ហូបអាហារ ថ្នាំបសុសត្វ ត្រាក់ទ័រ John Deere។ល។ គោលបំណងធំនៃជំនួបពិភាក្សានេះ គឺស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្ម និងពិនិត្យលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពិសេសជាមួយដៃគូក្រុមហ៊ុនក្នុងស្រុកដែលមានសក្តានុពលក្នុងការអភិវឌ្ឍវិស័យកសិកម្ម។

នាឱកាសនេះឯកឧត្តមឯកអគ្គរដ្ឋ ទូត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច និងវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក ដែលការរីកចម្រើននេះបានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ។ ចំពោះជំនួបពិភាក្សាថ្ងៃនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វាជាឱកាសដ៏ល្អសម្រាប់វិស័យឯកជនរបស់សហរដ្ឋអាមេរិក ក៏ដូចជាក្រុមហ៊ុនក្នុងស្រុក ក្នុងការស្វែងរកដៃគូ សហការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម ការផ្គត់ផ្គង់សម្ភារកសិកម្ម គីមីឧស្សាហកម្ម គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាផ្សេងៗទៀតដែលទាមទារឱ្យមានការយកចិត្តទុក ដាក់លើការអនុវត្តបច្ចេកទេសសមស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន កំណើនសេដ្ឋកិច្ច ពិសេសសមស្របតាមស្តង់ដារកសិផលសម្រាប់ទីផ្សារនាំចេញ។

ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមឱ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលកន្លងមកបានជួយគាំទ្រយ៉ាងច្រើនតាមរយៈអង្គការ USAID ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកាដើម្បីអនុវត្តន៍គម្រោងនានា ដែលពាក់ព័ន្ធវិស័យកសិកម្ម ការងារបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមជ្ឈមណ្ឌលឧត្តមភាពសម្រាប់កសិកម្មសមស្រប នវានុវត្តន៍ និងអាហារូបត្ថម្ភ (Center of Excellence for Sustainable Agriculture Intensification and Nutrition, CESAIN) ខេត្តបាត់ដំបង។ ស្តែងចេញពីកិច្ចសហប្រតិបត្តិការ និងលទ្ធផលគម្រោងនានាបានធ្វើឱ្យវិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ហើយតាមរយៈឯក  ឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសវិស័យឯកជនរបស់សហរដ្ឋអាមេរិកនឹងមកវិនិយោគលើវិស័យកសិកម្មកាន់តែច្រើនឡើងនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងគោលនយោបាយអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាអាទិ៍៖ ផ្លូវគមនាគមន៍ កំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ ការផ្តត់ផ្គង់អគ្គិសនី។

ទន្ទឹមនឹងនេះផងដែរភាគីទាំងពីរ បានលើកយកប្រធានបទសំខាន់ៗមកពិភាក្សារួម មាន៖ ១-គោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ិស័យកសិកម្មរបស់រាជរដ្ឋាភិបាល។ ២-ស្តង់ដារអនាម័យ និងភូតភាមអនាម័យសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ៣-ផលិតផលសំខាន់ៗដែលមាន សក្តានុពលសម្រាប់ធ្វើការនាំចេញ។ ៤-វិស័យកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធដែលជួយទ្រទ្រង់វិស័យនេះ។ ៥-ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម, ការលើកកម្ពស់សហគ្រាសខ្នាតតូចនិងមធ្យម, ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម ពិសេសយុវជនជំនាន់ក្រោយ និងការពង្រឹងទំនាក់ទំនងល្អរវាងវិស័យឯកជននិងរដ្ឋ៕

ដោយ សេង សុវណ្ណនី(ប្រភពក្រសួងកសិកម្ម)