ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យពីតម្រូវការនៃការរៀបចំទិវា ៧មករា គម្រប់ខួប៤០ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី ២៦ខែ កញ្ញា ឆ្នាំ២០១៨ — កិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងព័ត៌មាននិងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្តីពីការពិនិត្យ ពីតម្រូវការនៃការរៀបចំការងារផ្សព្វផ្សាយកម្មវិធីមហាមិទ្ទិញអបអរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ៧មករា ១៩៧៩-៧មករា ២០១៩។ កិច្ចប្រជុំអន្តរក្រសួងនេះបានប្រារព្ធ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨នាទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុប្រធានគណៈ កម្មការទី៤ ដែលមានភារកិច្ចពិនិត្យផ្នែកការថតផ្សាយសិល្បៈ និងសប្របសម្រួលអ្នក សារព័ត៌មានជាតិ អន្តរជាតិចូលរួមថតរូប យកព័ត៌មានក្នុងមិទ្ទិញខួប៤០ឆ្នាំ រួមជាមួយ ឯកឧត្តម ឃឹម សារឹទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។


នៅក្នុងឱកាសនៃកិច្ចប្រជុំភាគីពាក់ព័ន្ធនៃក្រសួងទាំងពីរនេះ គឺគោលដៅសំខាន់ដែល ក្រសួងព័ត៌មានបានលើកឡើងគឺបច្ចេកទេសសំឡេង បច្ចេកទេសថតរូបវីដេអូ និងរូបសន្លឹក ពិសេសទាក់ទងកិច្ចការងារផ្សាយផ្ទាល់។ ដោយសម្រាប់ក្រុមការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងពីទិដ្ឋភាពនៃវិស័យការសម្តែងសិល្បៈ ដែលបម្រើដល់ការ ប្រារព្ធខួប៤០នៃទិវាជ័យជម្នះ៧មករា ហើយសិល្បៈដែលត្រូវត្រៀមសំដែងគឺមានលក្ខណៈ​ពិសេសក្នុងនោះមានរបាំយុទ្ធសាស្ត្រចតុកោណនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ជា លក្ខណៈរបាំ ផ្ការំដួល ដែលមានអ្នកសម្ដែងជាសិល្បករ សិល្បការិនី ប្រមាណជិត៥០០នាក់ នៅពេលបើកម្មវិធី ហើយនៅពេលបញ្ចប់កម្មវិធី ក៏មានការសម្ដែងនូវរបាំសហវត្សរ៍ និងយុវជន ដែល មានអ្នកសម្ដែងប្រមាណជាង៣០០នាក់។
កិច្ចប្រជុំក៏បានធ្វើការពិភាក្សាឱ្យផ្នែកជំនាញទាំងអស់ លើកពីគម្រោងលម្អិតពីសេចក្តី ត្រូវការរបស់ខ្លួន លើវិស័យសម្ភារ បរិក្ខារក៏ដូចជាបញ្ហាផ្សេងៗទៀត ដើម្បីដាក់ជូនទៅគណៈ កម្មាធិការរៀបចំកម្មវិធីទាំងមូលធ្វើការសម្រេចឱ្យបានឆាប់កាលណាជាការល្អ ព្រោះក្រសួង វប្បធម៌និងវិចិត្រសិល្បៈត្រូវការសម្ភារ បរិក្ខារទាំងអស់នោះ យកមកធ្វើការហាត់សមឱ្យ បានល្អ។

បន្ទាប់ពីបញ្ចប់ដំណើរការនៃកិច្ចប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ បានដឹកនាំក្រុម ការងារបច្ចេកទេសរបស់ក្រសួងព័ត៌មាន ដែលមានទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា រួមទាំងថ្នាក់ដឹកនាំទូរទស្សន៍អប្សរា បានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ទីតាំងពហុកីឡដ្ឋាន ជាតិអូឡាំពិក ដែលជាកន្លែងនៃការត្រៀមរៀបចំពិធីមហាមិទ្ទិងអបអរខួបអនុស្សាវរីយ៍ លើក ទី៤០ទិវាជ័យជម្នះ៧មករា។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដី និងក្រុមការងារ ក៏បាន អញ្ជើញមកពិនិត្យផ្ទាល់គឺដើម្បីរកទីតាំង និងភូមិសាស្ត្រក្នុងការដាក់កាម៉េរ៉ាថត ដែលបែង ចែកជាបី រួមមានទីតាំងកាម៉េរ៉ា ថតដាក់ជើងច្បាស់លាស់ កាម៉េរ៉ាថត ដាក់ជើងទម្រ ឬដាក់កង់យោង និងកំម៉េរ៉ា ថតដោយគ្មានខ្សែ សរុបកាម៉េរ៉ា ដែលត្រូវថតមាន ប្រមាណ១៨ គ្រឿង៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ថាច់ ផាន់ណារ៉ុង