ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តីក្រសួងផែនការបានអៈអាងថា ជំរឿនទូទៅប្រជាជនសម្រាប់ឆ្នាំ២០១៩ ខាងមុខនេះគឺមានលក្ខណទំនើបជាងជំរឿនកន្លងទៅ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន៖

រដ្ឋមន្រ្តីក្រសួងផែនការបានអៈអាងថា ជំរឿនទូទៅប្រជាជនសម្រាប់ឆ្នាំ២០១៩ខាងមុខនេះ គឺមាន លក្ខណទំនើបជាងជំរឿនកន្លងទៅ ដោយប្រភពព័ត៌មានទំាងឡាយដែលទទួលបានពីការធ្វើជំរឿងនេះធានាបានភាពសុក្រឹត្យ ត្រឹមត្រូវ។

ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការ ជាតិជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩បានឲ្យដឹងថា ក្រុមការងារនឹងដាក់ប្រព័ន្ធសម្រាប់វាយតម្លៃភាពសុក្រឹត្យរបស់ជំរឿន ដោយប្រើប្រាស់ប្រព័ន្ធ Tablet PDA និងបច្ចេកទេស NBS ដែលធ្វើឲ្យជំរឿងទូទៅប្រជាជនឆ្នាំ២០១៩ខាងមុខនេះមានភាពច្បាស់លាស់ត្រឹមត្រូវ។

ក្នុងពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនរាជធានី-ខេត្ត និងពិធីប្រគល់-ទទួលសម្ភារៈជំរឿនប្រជាជនកម្ពុជា ឆ្នាំ២០១៩នៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ ឯកឧត្តមបន្ថែមថា ក្នុងរយៈពេល ៥ ខែខាងមុខនេះ ក្រុមការងារបច្ចេកទេសជំរឿនត្រូវអនុវត្តការងារបន្ទាន់ៗជាច្រើន ដូចជា ការងារថតចម្លងផែនទីមណ្ឌលជំរឿន ជិត៤ម៉ឺនសន្លឹក ព្រមទាំងឯកសារពាក់ព័ន្ធខ្លះទៀត, ការវេចខ្ជប់តារាងសំណួរជំរឿនជិត ៤លានតារាង ជាង ៤ម៉ឺនកញ្ចប់ និងដឹកជញ្ជូនទៅតាមមណ្ឌលជំរឿនរាជធានី ខេត្ត ទាំង២៥, និងការជ្រើសរើសមន្រ្តីជំរឿនចំនួន ៥ម៉ឺន នាក់ ការបើកវគ្គបណ្តុះបណ្តាលមន្រ្តីជំរឿន ការឃោសនាជំរឿន និងការងាររដ្ឋបាលផ្សេងៗច្រើនទៀត។

ឯកឧត្តម ឆាយ ថន បានបញ្ជាក់ថា ទិន្នន័យស្ថិតិដែលប្រមូលបានតាមរយៈការ ធ្វើជំរឿន អង្កេត និងពីប្រភពរដ្ឋបាលផ្សេងៗ និងបំរើជាមូលដ្ឋានទិន្នន័យយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍនិង ត្រួតពិនិត្យ វាយតម្លៃ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ព្រមទាំងវាយតម្លៃការសម្រេចបានការអនុវត្តយុទ្ធសាស្រ្តកាត់ បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តមបានបន្ថែមថា លើសពីនេះទិន្នន័យដែល ទទួលបានមកការជំរឿននេះ ក៏ជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ ជាងនេះទៅទៀតក៏មាន សារៈសំខាន់សម្រាប់លេខាធិការដ្ឋានអាស៊ាន ក្នុងការតាមដានត្រួតពិនិត្យការអភិវឌ្ឍគ្រប់វិស័យរបស់បណ្តា ប្រទេសសហគមន៍អាស៊ាន។

សូមបញ្ជាក់ថា ការធ្វើជំរឿនប្រជាសាស្រ្តកម្ពុជាកាលពីឆ្នាំ២០០៨កម្ពុជាមានចំនួនប្រជាជន ជាង១៣លាននាក់ ហើយក្រោយរយៈពេល១០ឆ្នាំនេះ ក្រសួងផែនការប៉ាន់ស្មានថា កម្ពុជាអាចកើនឡើងចំនួនប្រជាជនរហូតដល់ចាប់ពី១៧លាននាក់ទៅ១៨លាននាក់៕