ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈប្រតិភូវិនិយោគចិនចំនួន៦ក្រុមហ៊ុន ចូលជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨​ — នាព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូមកពីក្រុមហ៊ុនវិនិយោគចិនចំនួន៦ក្រុមហ៊ុន ចូលជួប ពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ទាក់ទងនឹងគម្រោងសិក្សាក្នុងការកសាងផ្លូវ លូ និងវិនិយោគលើគម្រោងប្រមូលសំរាម និងកែច្នៃសំរាមនៅក្រុងព្រះសីហនុ ដែលរងការខូច ខាតនារដូវវស្សាក្នុងឆ្នាំ២០១៨នេះ។ 
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសម្តែងការស្វាគមន៍ ចំពោះក្រុមហ៊ុនចិន ដែលមានបំណងមកសិក្សាលើគម្រោងការស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ និងកែច្នៃសំរាមក្នុងខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកខេត្តព្រះសីហនុ ជាតំបន់ពាណិជ្ជកម្ម ទេសចរណ៍ ពិសេសជាតំបន់ឧស្សាហកម្មគំរូពហុបំណងធំជាងគេតែ មួយគត់ក្នុងប្រទេសកម្ពុជា និងជាបំពង់កសេដ្ឋកិច្ច។

ឯកឧត្តមបន្តថា កន្លងមកធនាគារ ADB ធ្លាប់បានសន្យាជួយជួសជុលផ្លូវ លូក្នុង ក្រុងព្រះសីហនុ តែរហូតមកដល់ពេលនេះការសន្យានៅមិនទាន់មាន សកម្មភាពនៅឡើយ។ ឯកឧត្តម យន្ត មីន រំពឹងថា ក្រុមហ៊ុន ចិននឹងអាចធ្វើការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុង ការស្តារវិស័យហេដ្ឋារចនាសម្ពន័្ធនៅខេត្តព្រះសីហនុ ឱ្យបានទាន់ពេលវេលា ព្រោះការអភិវឌ្ឍ របស់ខេត្តព្រះសីហនុ រយ:ពេល២ឆ្នាំចុងក្រោយនេះ មានការរីកចម្រើនយ៉ាងគំហុក។លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវមេ ក្នុងក្រុងសំខាន់ៗរបស់ខេត្តមានចំនួន៨ខ្សែ ស្មើ ២៨ខ្សែតូចៗ ដែលមានប្រវែងសរុប ចំនួន ១៤០គីឡូម៉ែត្រ ជាផ្លូវសំខាន់ដែលត្រូវតែរកវិធីដោះស្រាយ ចំពោះមុខដោយ ត្រូវធ្វើការ កែលម្អ និងពង្រីកបន្ថែមដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន បញ្ចៀស ការកកស្ទះចរាចរណ៍។

លោក ZHOU CHUANFA អ្នកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុនចិន THE OVERSEAS CO.,OF CHINA RAILWAY NO.10 ENGINEERING GROUP CO LTD បានលើកឡើងថា គណៈប្រតិភូរបស់លោកពេញចិត្តសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ លើគម្រោង សាងសង់ផ្លូវ លូ និងគម្រោងកែច្នៃសំរាមក្នុងខេត្តព្រះសីហនុ ព្រោះក្រុមហ៊ុនទាំងនេះ មានបទ ពិសោធន៍ក្នុងការសាង សង់ផ្លូវ លូ និងការកែច្នៃសំរាមនៅតាមបណ្តាប្រទេស មួយចំនួនផងដែរ៕

ដោយ ងូ សុមុនី