ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិនផ្តល់ជំនួយជាសម្ភារប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរ មានទឹកប្រាក់ជាង២លានដុល្លារ ដើម្បីបម្រើដល់ការធ្វើជំរឿននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយជារថយន្ត ម៉ូតូ រួមទាំងគ្រឿង អេឡិចត្រូនិកជាច្រើនគ្រឿងមានតម្លៃសរុបប្រមាណ ២.៥លានដុល្លារ ដើម្បីបម្រើដល់ការ ធ្វើជំរឿននៅកម្ពុជា ដែលនឹងធ្វើឡើងនៅឆ្នាំ២០១៩ខាងមុខនេះ ដើម្បីធ្វើឱ្យដំណើរការធ្វើ ជំរឿននេះដំណើរការដោយរលូន និងមានប្រសិទ្ធភាព។សម្ភារដែលជាជំនួយរបស់ចិននេះ រួមមាន រថយន្ត៥២គ្រឿង ម៉ូតូ៣០០គ្រឿង កុំព្យូទ័រលើតុ៤៥០គ្រឿង កុំព្យូទ័រយួរដៃ៥០គ្រឿង ម៉ាស៊ីនបោះពុម្ពឯកសារ៣០គ្រឿង ម៉ាស៊ីនបញ្ចាំងSlide៣០គ្រឿង ម៉ាស៊ីនថតចម្លង១០គ្រឿង Tablet២០០គ្រឿង និងម៉ាស៊ីនServer។

លោក លី អាន តំណាងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានឱ្យ ដឹងថា ជំនួយរបស់ចិននៅពេលនេះ នឹងជាចំណែកមួយជួយឱ្យការធ្វើជំរឿនរបស់រាជរដ្ឋាភិ បាលកម្ពុជា បានដំណើរការដោយភាពល្អប្រសើរ និងទទួលបានជោគជ័យ។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បានមានប្រសាសន៍ថា រថយន្ដ ម៉ូតូ និងសម្ភារជំរឿនដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងជួយដល់មន្ដ្រីជំរឿន មានលទ្ធ​ភាពចាត់ចែងគ្រប់ គ្រងការងារត្រួតពិនិត្យ តាមដានការប្រមូលទិន្នន័យតាមមូលដ្ឋាន ការដឹកជញ្ជូនឯកសារ ព្រមទាំងការកែច្នៃ និងការវាយបញ្ចូលទិន្នន័យក្នុងកុំព្យូទ័រ ការថតចម្លងឯកសារជំរឿន ជាដើម។ ឯកឧត្តមបានបញ្ជាក់ថា សម្ភារទាំងអស់នេះមិនគ្រាន់តែប្រើប្រាស់សម្រាប់ ការងារ ជំរឿនប្រជាជនប៉ុណ្ណោះទេ តែវានឹងបម្រើឱ្យការងារជំរឿន អង្កេតផ្សេងៗទៀតនៅពេល អនាគត មានដូចជា ជំរឿនកសិកម្ម ជំរឿនសេដ្ឋកិ្ចច ដែលចូលរួមបម្រើឱ្យការងារប្រព័ន្ធស្ថិតិ ជាតិទាំងមូល និងការងារផែនការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។  សូមបញ្ជាក់ថា កម្ពុជានឹងចាប់ផ្តើមធ្វើជំរឿនប្រជាជនលើកទី៣ ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ខាងមុខ។ ជំរឿននេះ គ្រោងប្រើមន្រ្តីរហូតដល់ទៅ ៤៧.០០០​នាក់ និងគ្រោងចំណាយថវិកាប្រមាណ៨លានដុល្លារអាម៉េរិក ដែលជាថវិការបស់រាជរដ្ឋាភិបាល កម្ពុជា៕

ដោយ ចាន់ សុធីវង្ស