ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្តសព ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត និងលោក ចន ណារិទ្ធ៖

នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា ជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំ និងគណះប្រតិភូ នៃប្រទេសជាមិត្តនានារបស់វៀតណាម ចំនួន១១ប្រទេសផ្សេងទៀត រួមមានប្រទេសឡាវ សឹង្ហបុរី ម៉ូសំប៊ិច បេឡារ៉ុស សាធារណរដ្ឋកូរ៉េ ជប៉ុន គូបា ឥណ្ឌូនេស៊ី ចិន ម៉ាឡេស៊ី និងរុស្សី បានអញ្ជើញទៅដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្តសព ឯកឧត្តមប្រធានរដ្ឋវៀតណាម ត្រាន់ ដាយក្វាង ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១០និង៥នាទី ព្រឹកថ្ងៃទី២១កញ្ញាកន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ៦១ឆ្នាំ ដោយជំងឺដ៏ធ្ងន់ធ្ងរ ។

សពរបស់ឯកឧត្តមប្រធានរដ្ឋវៀតណាម បានប្រារព្វពិធីតម្កល់ជាផ្លូវការរយះពេល២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧កញ្ញា នៅបញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាម ក្នុងទីក្រុងហាណូយ ដើម្បីអនុញ្ញាតឲ្យគណះប្រតិភូបរទេសនានា អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសព។ យោងតាមការបញ្ជាក់របស់ប្រទេសវៀតណាម ប្រធានរដ្ឋ ត្រាន ដាយក្វាង បានទទួលមរណភាពដោយជំងឺយ៉ាងធ្ងន់ធ្ងរដែលបានទទួលមរណភាពនៅម៉ោង១០:០៥នាទីនៅមន្ទីរពេទ្យយោធា ក្នុងទីក្រុងហាណូយ។

ភ្លាមៗបន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតនោះ គឺនៅថ្ងៃទី២១កញ្ញានោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានផ្ញើសារនូវលិខិតចូលរួមមរណទុក្ខជូន ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ុនហ្វួក ចំពោះការបាត់បង់ ឯកឧត្តមប្រធានរដ្ឋវៀតណាមដែលនេះគឺជាការបាត់បង់ដ៏ធំធេងនៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឱ្យកោតសរសើរម្នាក់របស់ប្រទេស និងប្រជាជនវៀតណាម និងក៏ជាការ បាត់ បង់មិត្តដ៏ល្អរបស់កម្ពុជា។

«តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមសម្តែង នូវសមានចិត្ត និងការចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជាជូនចំពោះក្រុមគ្រួសារសព ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នេះ»។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសមរណទុក្ខរបស់រដ្ឋវៀតណាម ដែលមានខ្លឹមសារជាអាទិ៍ថា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រោមក្រំបំផុត ក្នុងនាមគណបក្ស ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជូន ចំពោះគណបក្សកុម្មុយនីស្តវៀតណាម រាជរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះមរណភាព ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២១កញ្ញាកន្លងទៅ។

មរណភាពរបស់ឯកឧត្តម ត្រាន់ ដាយក្វាង គឺជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា និងជាមិត្តដ៏ល្អរបស់សម្តេច ដែលធ្លាប់មានអនុស្សាវរីយ៍ដ៏ជិតស្និទ្ធជាមួយគ្នា។ យើងនឹងចងចាំជានិច្ច នូវការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ត្រាន់ ដាយក្វាង ដើម្បីលើកកម្ពស់ចំណងទាក់ទង់ជាភាតរះ រវាងកម្ពុជា និងវៀតណាម ក៏ដូចជានាំមកនូវសុភមង្គល និងការរីកចម្រើនជឿនលឿនថែមទៀត របស់ប្រជាជាតិវៀតណាម៕