ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ដាក់ឲ្យដំណើរការភ្លើងស្តុបថ្មីចំនួន៦ ទីតាំងលើកំណាត់ផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ក្រោមកិច្ចសហប្រត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងតម្លើងភ្លើងស្តុបថ្មីចំនួន១១៥ទីតាំង ក្នុងនោះភ្លើងស្តុបជាង១០០ត្រូវបានដាក់ឲ្យដំណើរការ នៅសល់ប្រមាណ១០ទីតាំងទៀត ក្រុមការងារកំពង់ខិតខំឲ្យរួចរាល់ក្នុងពេលឆាប់ៗនេះ ព្រមទាំងមានបំពាក់កាមេរ៉ាសុវត្ថិភាពតាមភ្លើងស្តុបផងដែរ ដើម្បីត្រួតពិនិត្យបទល្មើសចរាចរណ៏ ឬបទល្មើសផ្សេងៗ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការភ្លើងស្តុបថ្មី ចំនួន៦កន្លែង នៅផ្លូវជាតិលេខ១ ដូចខាងក្រោម គឺទី១.ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវលេខ៣៦៣ ផ្សារច្បារអំពៅ ទី២.ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវលេខ៦២៨ ទី៣.ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៣៥១ វត្តនិរោធន៍ ទី៤.ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវទូរទស្សន៍បាយ័ន ទី៥. ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវចូលបុរី ប៉េង ហួត បឹងស្នោរ និងទី៦.ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវចូលមន្ទីរពេទ្យចារីយ៍ ។

លោកបន្តថា ការដាក់ភ្លើងស្តុបនេះ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៏របស់ប្រជាពលរដ្ឋនៅកំណាត់ផ្លូវជាតិលេខ១នេះដែលអាចកាត់បន្ថយ កកស្ទះចរាចរណ៏ ។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានភ្លើងស្តុបសរុបចំនួន១៦០ទីតាំងដែលកំពង់ដំណើរការរាល់ថ្ងៃ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៏របស់ប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយបានច្រើននូវបញ្ហាកកស្ទះចរាចរណ៏ ហើយការដាក់ឲ្យដំណើរការភ្លើងស្តុបប្រភេទថ្មីនេះ មន្ទីរសាធារណការ និងផលិតស្ពតវីឌីអូ ដើម្បីពន្យល់ពីរបៀបប្រើប្រាស់ផងដែរ ព្រោះភ្លើងស្តុបថ្មីនេះ មានលក្ខណៈទំនើបពិសេស ខុសប្លែកពីភ្លើងស្តុបចាស់តែម្តង ៕