ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីស្រាអែលធ្វើកិច្ចប្រជុំសន្តិសុខបន្ទាប់ពីរុស្ស៊ី ផ្តល់ប្រព័ន្ធការពារ S-300 ទៅឱ្យស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានកោះប្រជុំកាលពីព្រឹកថ្ងៃអង្គារនេះ​នៅពេលមានភាពតានតឹងថ្មីរវាងអ៊ីស្រាអែលនិងរុស្ស៊ីលើការប្រកាសរបស់ក្រុង​មូស្គូ ដើម្បីផ្តល់ប្រព័ន្ធការពារអាកាស​S-300 ដែលទំនើបទៅឱ្យប្រទេសស៊ីរីនោះ ។

ដោយគ្មានធ្វើការបរិយាយនោះ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា បណ្តារដ្ឋមន្ត្រីទាំងនោះបានជួបប្រជុំគ្នានៅក្នុងការិយាល័យរបស់នាយករដ្ឋមន្ត្រីក្នុងទីក្រុងហ្សេរុយសាឡឹម ដើម្បីទទួលនូវព័ត៌មាន ដែលថ្មី ស្តីពីការអភិវឌ្ឍកាលពីពេលថ្មីៗនេះ ។

ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីននេតាន់យ៉ាហ៊ូ ( Ben Jamin Netanyahu ) នឹងចេញដំណើរទៅកាន់ទីក្រុងញូវយ៉កដើម្បីចូលរួមមហាសន្និបាត អ.ស.ប ។ តាមសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយការិយាល័យរបស់លោកឱ្យដឹងថា លោក នេតាន់-យ៉ាហ៊ូ បានព្រមានថា ការផ្ទេរប្រព័ន្ធអាវុធដែលទំនើបឱ្យធ្លាក់ចូលទៅក្នុងកណ្តាប់ដៃ ដែលគ្មានការទទួលខុសត្រូវ នឹងបង្កើនគ្រោះថ្នាក់នៅក្នុងតំបន់ដោយលោកនិយាយបន្ថែមថា អ៊ីស្រាអែលនឹងបន្តការពារសន្តិសុខរបស់ខ្លួន ព្រមទាំងផលប្រយោជន៍របស់ខ្លួន ។

ប្រទេសអ៊ីស្រាអែលព្រួយបារម្ភថា ប្រព័ន្ធ S-300ថ្មីនឹងបង្អាក់ដល់ការវាយប្រហារតាមអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។ ស.រ.អា ក៏បានទទូចដល់ប្រទេសរុស្ស៊ី ផងដែរឱ្យធ្វើការពិចារណាឡើងវិញ នូវទង្វើនេះ ។ កាលពីថ្ងៃចន្ទ ទីប្រឹក្សាសន្តិសុខជាតិ​ ស.រ.អា លោក ជន បូលតុន ( John Bolton ) បាននិយាយថា ការផ្គត់ផ្គង់ប្រព័ន្ធនេះ នឹងមានការរឹតតែខ្លាំងឡើងយ៉ាងសំខាន់មួយធ្វើឡើងដោយក្រុងមូស្គូ ។

ប្រទេសរុស្ស៊ីបាននិយាយពីក្នុងអតីតកាលថា ខ្លួននឹងផ្ទេរប្រព័ន្ធ S-300 ទៅឱ្យប្រទេសស៊ីរី ប៉ុន្តែបានបញ្ឈប់ផែនការនេះ នៅពេលមានការកៀបសង្កត់ពី ស.រ.អា និងអ៊ីស្រាអែល ។ អ៊ីស្រាអែលបានធ្វើការវាយប្រហារពីអាកាសប្រហែល ២០០លើកក្នុងពេល ១៨ ខែកន្លងទៅនេះ ដោយប្រកាសថា ការវាយប្រហារនេះគឺសំដៅរារាំងដល់ក្បួនរថយន្តដឹកគ្រឿងសព្វាវុធអ៊ីរ៉ង់ ព្រមទាំងបញ្ឈប់អ៊ីរ៉ង់ មិនឱ្យបង្កើតការឈរជើងយោធាមួយនៅក្នុងប្រទេសស៊ីរី ឬ ផ្តល់គ្រឿងសញាវុធដែលច្បាស់លាស់ឱ្យយោធាហេសបូឡា ដែលមានមូលដ្ឋានក្នុងប្រទេសលីបង់ ដែលជាសត្រូវដ៏ធំរបស់​អ៊ីស្រាអែល៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )