ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីហ្វីលីពីនបន្តទទួលបានអត្រាជំនឿទុកចិត្តនិងការគាំទ្រខ្ពស់

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — តាមការស្ទាបស្ទង់មតិដោយឯករាជ្យមួយ ដែលផ្សាយកាលពីថ្ងៃអង្គារនេះឱ្យដឹងថា ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ( Rodrigo Duterte ) បន្តទទួលបាននូវអត្រាជំនឿទុកចិត្តនិងការយល់ ព្រមខ្ពស់ ។

ការស្ទាបស្ទង់មតិមួយធ្វើឡើងដោយ Pulse Asia Inc ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១ខែកញ្ញា ដល់ ថ្ងៃទី៧ខែកញ្ញា បង្ហាញឱ្យឃើញថា ៧៥ ភាគរយនៃប្រជាជនហ្វីលីពីន ១.៨០០នាក់ ដែលមានអាយុ១៨ឆ្នាំ នឹងលើសពីនេះ ដែលបានធ្វើការស្ទាបស្ទង់មតិនៅទូទាំងប្រទេសបានយល់ព្រមចំពោះមធ្យោបាយដែល លោក ឌូតឺតេ បានគ្រប់គ្រងប្រទេស ។

ការស្ទាបស្ទង់មតិនេះបានបង្ហាញឱ្យឃើញថែមទៀតថា ៧២ភាគរយនៃពួកជនដែលបានធ្វើការ ស្ទាបស្ទង់មតិនោះបន្តមានជំនឿទុកចិត្តលើមេដឹកនាំអាយុ៧៣ឆ្នាំនេះ ។ នៅថ្នាក់ជាតិ Pulse Asia បាននិយាយថា លោក ឌូតឺតេ មានការធ្លាក់ចុះ ១៣ភាគរយនៅក្នុងអត្រា គាំទ្ររបស់លោក បើប្រៀបធៀបទៅនឹងអត្រាគាំទ្រ៨៨ភាគរយ ដែលលោកបានទទួលកាលពីក្នុងខែ មិថុនា ។

អ្នកនាំពាក្យរបស់លោក ឌូតឺតេ លោក Harry Roque បាននិយាយថា អត្រារបស់លោក ឌូតឺតេ នៅ តែខ្ពស់នៅឡើយ ។ លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា យើងយកចិត្តទុកដាក់នូវលទ្ធផល នៃការស្ទាបស្ទង់មតិនេះ ប៉ុន្តែយើងមិនបានប៉ះពាល់ដោយការស្ទាបស្ទង់មតិនេះទេ ។

លោក ឌូតឺតេ បានកាន់តំណែងប្រធានាធិបតីកាលពីក្នុងខែមិថុនា ឆ្នាំ ២០១៦ ។ លោកបានប្តេជ្ញាបំបាត់អំពើពុករលួយ ព្រមទាំងធ្វើឱ្យប្រសើរច្បាប់និងសណ្តាប់ធ្នាប់នៅក្នុងប្រទេសហ្វីលីពីន តាមរយៈ ការធ្វើសង្គ្រាមប្រឆាំងនឹងពួកឧក្រិដ្ឋជន ព្រមទាំងពួកភេរវជន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)