ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សមាគមមិត្តភាពវៀតណាម និងចិនជំរុញទំនាក់ទំនងក្នុងរយៈពេល ២៥ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ២៥ ខែកញ្ញា មហាសន្និបាតសមាគមមិត្តភាពវៀតណាម-ចិន(VCFA) នៅទីក្រុង Can Tho តំបន់ដីសណ្ដទន្លេមេគង្គ បានប្រារព្ធខួបលើកទី ២៥ របស់ខ្លួន។

ប្រធានសមាគម លោក Ngo Quoc Tuan បានថ្លែងថា សមាគមនេះបានធ្វើការងារស្របតាមទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន និងចូលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និងចិន។ លោកបាននិយាយថា VCFA នៅទីក្រុង Can Tho បានរៀបចំសកម្មភាពជាទៀងទាត់ទាក់ទងនឹងគណៈប្រតិភូចិន រួមមានការផ្លាស់ប្តូរគណៈប្រតិភូគ្នា សន្និសីទកិច្ចសហប្រតិបត្តិការ ព្រឹត្តិការណ៍ជំរុញវិស័យទេសចរណ៍ ក៏ដូចជាគម្រោងរួមគ្នាក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងសប្បុរសធម៌។

លោក Tuan បានចង្អុលបង្ហាញអំពីព្រឹត្តិការណ៍ធំៗមួយចំនួន ដូចជាការប្រជុំមិត្តភាពស្នេហាជាតិវៀតណាម និងចិន និងវេទិកាប្រជាជនវៀតណាម-ចិន ដោយលោកបានកត់សម្គាល់ថា ប្រទេសទាំងពីរបានបង្កើតឱកាសសម្រាប់សាធារណជន ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ព្រមទាំងបានបង្ហាញអំពីសេចក្តីប្រាថ្នារបស់ពួកគេសម្រាប់សន្តិភាព ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគី និងពង្រឹងទំនាក់ទំនងទ្វេភាគីដោយសន្តិភាព និងស្ថិរភាព។

ដោយបានលើកសរសើរអំពីសមិទ្ធិផលរបស់សមាគមនាពេលកន្លងមក អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Le Van Tam បានកត់សម្គាល់ថា ទីក្រុង Can Tho និងប្រទេសចិន មិនទាន់បានទាញយកផលប្រយោជន៍ឱ្យបានពេញលេញពីសក្តានុពលរបស់ខ្លួនសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនៅឡើយទេ។

លោក Tam បានស្នើឱ្យ VCFA សហការជាមួយបណ្តាទីភ្នាក់ងារ និងវិស័យពាក់ព័ន្ធនានា ដើម្បីទាក់ទាញការវិនិយោគរបស់ចិននៅក្នុងទីក្រុង និងការគាំទ្ររបស់អគ្គកុងស៊ុលចិនសម្រាប់សកម្មភាពផ្លាស់ប្តូរគ្នាទៅវិញទៅមក។

លោកស្រី Le Thi Thanh Giang ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមនៅទីក្រុង Can Tho បានផ្តល់អនុសាសន៍ដល់សមាគមឱ្យធ្វើការកែលម្អទិសដៅការងារ និងកិច្ចការទំនាក់ទំនង ក៏ដូចជារៀបចំដំណើរកម្សាន្តបន្ថែមទៀតសម្រាប់ប្រតិភូពាណិជ្ជកម្មក្នុងស្រុក និងគណៈប្រតិភូទេសចរណ៍៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )