ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តព្រះសីហនុ បើកពិព័រណ៍ផលិតផលខ្មែរ និងផលិតផលប្រើប្រាស់ទូទៅ

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែកញ្ញា ​ឆ្នាំ២០១៨ –រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលប្រើប្រាស់ទូទៅ នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ រយ:ពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានស្តង់ផលិតផល ១៥០ស្តង់ ក្រោមអធិបតីឯកឧត្តម ប៉ោ ទ្រី អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ លោកជំទាវ គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ។
   ពិព័រណ៍ផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ធ្វើឡើងដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុនឯកជនមួយចំនួន មានស្តង់ចំនួន ១៥០ស្តង់ បានចូលរួមតាំងពិព័រណ៍ ផលិតផលខ្មែរ ៥០ស្តង់, ក្នុងនោះ ៤០ស្តង់ មកពីបណ្តាខេត្តផ្សេងៗ និង ១០ស្តង់ ជាស្តង់ផលិតផលក្នុងខេត្តព្រះសីហនុ មានដូចជា៖ ម្រុំ ម្រេច ក្រមាខ្មែរ អាវខ្មែរ បន្លែ ណែម គ្រាប់ស្វាយចន្ទីផលិតផលធ្វើពីដើមត្នោត ស្រាទំពាំងបាយជូ ផលិតផលស្នែង ដូង សាប៊ូ ប្រេងកូឡា ជាដើម
   ឯកឧត្តម ប៉ោ ទ្រី អនុប្រធានគណ:កម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ មានប្រសាសន៍បើកពិព័រណ៍ផលិតផលខ្មែរ និងផលិតផលប្រើប្រាស់ទូទៅថា ដើម្បីលើកកម្ពស់គុណភាពផលិតផលខ្មែរឱ្យកាន់តែមានបរិមាណ គុណភាព ក្នុងការប្រកួតប្រជែងជាមួយផលិតផលបរទេស ដូច្នេះយើងត្រូវបំផុសប្រជាពលរដ្ឋដាំដុះដំណាំក្នុងស្រុក ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារ និងកាត់បន្ថយការនាំចូលផលិតផលបន្លែ ផ្លែឈើមកពីប្រទេសជិតខាង ពិសេសបង្កើនផលិតផលបន្លែ ផ្លែឈើក្នុងស្រុកគ្មានសារធាតុគីមីហាមឃាត់ ធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ។ 
    ឯកឧត្តម ប៉ោ ទ្រី មានប្រសាសន៍បន្តថា ការតាំងពិព័រណ៍ភូមិមួយ ផលិតផលមួយ នាពេលនេះមានគោលបំណងសំខាន់លើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញប្រជាកសិករ សិប្បករបង្កើនការផលិត និងផលិតផលក្នុងស្រុកឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបម្រើតាមតម្រូវការទីផ្សារ ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តព្រះសីហនុ ដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ 

ដោយ ងូ សុមុនី