ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋប្រុង ប្រយ័ត្នចំពោះចំណីអាហារ ក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបរិភោគចំណីអាហារក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះដើម្បីជៀសវៀងកុំឲ្យមានការពុលចំណីអាហារដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។

ការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនេះដោយសារតែកន្លងមកមានប្រជាពលរដ្ឋនិងព្រះសង្ឃមួយចំនួនបានធ្លាក់ខ្លួនឈឺនិងពុលចំណីអាហារដោយសារតែការបរិភោគចំណីអាហារមិនមានអនាម័យនិងមានខ្លះទៀតឈានដល់ការស្លាប់បង់ជីវិតដោយសារការបរិភោគស្រាសស្រាថ្នាំដែលផ្សំខុសបច្ចេកទេស។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួនរួមមានផឹកស្អាតរស់នៅស្អាតនិងហូបស្អាតនៅឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះដើម្បីការពារសុខភាពឲ្យជៀសផុតពីការឆ្លងជំងឺផ្សេងៗដូចជាជំងឺរាករូសជាដើម។ ឯកឧត្តម រដ្ឋមន្ត្រីបានបន្តទៀតថាចំណែកលោកតាលោកយាយនៅតាមវត្ដអារាមនានាវិញត្រូវលាងចានឆ្នាំងឲ្យបានស្អាតល្អត្រូវបរិភោគទឹកដាំពុះជាពិសេសកុំបរិភោគទឹកសម្លដោយប្រើស្លាបព្រារួមគ្នាដែលអាចបណ្តាលឲ្យឆ្លងជំងឺពីគ្នាបាន។

ឯកឧត្តម ម៉ម ប៊ុនហេង បានឲ្យដឹងទៀតថា ក្រៅពីចំណីអាហារប្រជាពលរដ្ឋក៏គួរតែប្រុងប្រយ័ត្នចំពោះការទទួលទានគ្រឿងស្រវឹងផងដែរព្រោះវាអាចធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពឬឈានទៅដល់បាត់បង់ជីវិតបាន។ ឯកឧត្តម រដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឬម្ចាស់រមណីដ្ឋានភោជនីដ្ឋានអាហារដ្ឋាននានាត្រូវអនុវត្តវិធានការអនាម័យត្រឹមត្រូវហើយត្រូវលាងបន្លែផ្លែឈើឲ្យបានស្អាតនិងនំចំណីត្រូវចម្អិនឲ្យបានឆ្អិនល្អដើម្បីជៀសវៀងកុំឲ្យមានពុលចំណីអាហារ។

គួររំលឹកថា គិតចាប់ពីឆ្នាំ២០១៥រហូតមកដល់ឆ្នាំ២០១៧នៅប្រទេសកម្ពុជាមានករណីពុលចំណីអាហារចំនួន៦១ករណីក្នុងនោះឆ្នាំ២០១៥មាន៣៣ករណី ឆ្នាំ២០១៦មាន១៩ករណីនិងឆ្នាំ២០១៧មាន៩ ករណី៕