ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានរដ្ឋសភាកម្ពុជាលើកចិត្តយុវជនឲ្យជួយទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេស

វិទ្យុជាតិកម្ពុជា៖លោកវ៉ាងភក្តី

ភ្នំពេញ៖សម្តេចប្ររដ្ឋសភាកម្ពុជាលើកចិត្តយុវជនឱ្យជួយទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេស ខណៈកម្ពុជារក្សាបានសុខសន្តិភាព និងមានសក្តានុពលទៅលើទេសចរណ៍វប្បធម៌ និងការ វិនិយោគ។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា យុវជនជាមគ្គុទេសគ៏ និងជាអ្នកការទូតម្នាក់ ក្នុងការចូលរួមថែរក្សានូវកិត្តិយស តម្លៃ និងវប្បធម៌របស់ជាតិ តាមរយៈការធ្វើ ទំនាក់ទំនងជាមួយយុវជនបណ្តាប្រទេសដទៃទៀត។

ថ្លែងក្នុងឱកាសទទួលជំនួបរបស់សមាគមនាវាយុវជនអាស៊ីអគ្នេយ៍កម្ពុជា នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ សម្តេចពញាចក្រី បានលើកទឹកចិត្តឱ្យយុវជនចូលរួមលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងអត្តសញ្ញាណជាតិ ក៏ដូចជាជួយផ្សព្វផ្សាយទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគបរទេសមកកាន់ប្រទេសយើងឱ្យកាន់តែច្រើនថែមទៀត។
ការលើកទឹកចិត្តដល់យុវជនកម្ពុជានេះ ធ្វើឡើងនៅមុនពេលកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៥ ឆ្នាំ២០១៨នេះ នឹងចាប់ផ្តើមចេញដំណើរទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ក្នុងរយៈពេល៥២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។
សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើថា ក្នុងនាមជាយុវជនកម្ពុជា ត្រូវខិតខំប្រឹងប្រែងរួមគ្នាលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ជាពិសេសការបន្តពង្រឹង និងពង្រីកចំណងទំនាក់ទំនង មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនអាស៊ាន និងជាមួយប្រទេសជប៉ុន។ សម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា «អ្វីដែលយុវជនកម្ពុជា ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់ គឺពីប្រវត្តិសាស្រ្តប្រទេសរបស់ខ្លួន និងប្រទេសដទៃ ដើម្បីងាយស្រួលក្នុងការអនុវត្តការងារ និងបកស្រាយបា្រប់យុវជនរួមដំណើរ ហើយក៏ត្រូវខិតខំសិក្សាស្វែងយល់អំពីចំណេះដឹងទូរទៅទាក់ទងនឹងស្ថាប័នតំបន់ និងអន្តរជាតិនានា ដើម្បីនាំនូវការអភិវឌ្ឍប្រទេសកម្ពុជា»។
បើតាមការឱ្យដឹងរបស់លោក ស្រ៊ាន គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានបញ្ជាក់ថា យុវជនកម្ពុជាចំនួន២៩រូប នឹងចូលរួមជាមួយប្រតិភូយុវជនអាស៊ាន និងជប៉ុនសរុបគ្នាទាំងអស់៣៣០រូប ចេញដំណើរគោចរតាមនាវាដ៏ធំមួយ ពីប្រទេសជប៉ុនទៅកាន់ប្រទេស៥ផ្សេងទៀតរួមមាន៖ ប្រ៊ុយណេ ហ្វីលីពីន ថៃ និងវៀតណាម ដើម្បីផ្សារភ្ជាប់ពីទំនាក់ទំនងរវាងក្រុមយុវជនដូចគ្នាទៅលើផ្នែកអប់រំ សិល្បៈវប្បធម៌ ការលើកកម្ពស់ចំណេះដឹង និងការដកស្រង់បទពិសោធន៍ពីបំណិនជីវិតពីគ្នាទៅវិញទៅមក ជាដើម៕