ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីសម្ពោធគម្រោងព្យាបាលភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋខេត្តស្វាយរៀងដោយឥតគិតថ្លៃ

AKP ស្វាយរៀង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគម្រោងព្យាបាលភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងជំងឺ គ-ថ្លង់ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការខេមបូឌាវីសិន (អូស្រ្តាលី) ដែលមានអ្នក ជំងឺបានទទួលការព្យាបាលប្រមាណ ១.២០០នាក់ នៅមន្ទីរពេទ្យបង្អែកក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ គម្រោងព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគឺ៖ ទី១.អង្គការ ខេមបូឌាវីសិន (អូស្ត្រាលី) ដែលដឹកនាំដោយលោក ជេក ម៉េងលី រួមជាមួយអង្គការ មូលនិធិសមធម៌ក្នុង ការបង់ថ្លៃសេវា ជូនអ្នកជំងឺ ក្រីក្រសម្រាកពេទ្យ, ទី២. អង្គការ Eye care Foundation, ទី៣. អង្គការCHC, ទី៤. អង្គការដើមត្នោត និង Marie Stop, ទី៥. អង្គការOperation Smile និង ទី៦. អង្គការJICA ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងគម្រោងនេះដោយឥតគិតថ្លៃ ស្របតាមតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង កំពុងតែមានការខ្វះខាត។

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដគាំទ្រការពារ និងផ្ដល់ឱកាសការលើកទឹកចិត្ដ ដល់វិស័យ ឯកជន ពិសេស អង្គការ សមាគម ក្រុមហ៊ុន សហគ្រាសធន់តូច និងមធ្យម ដែលបាន ចំណាយពេលវេលាជួយដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកវិនិយោគទុនផ្សេងៗ ដែលបានជួយលើសកម្មភាព មនុស្សធម៌នេះតែម្ដង។

លោកជំទាវបានបន្តទៀតថា សកម្មភាពមនុស្សធម៌នេះពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី បានរួមគ្នាបង្កើតជាក្រុមមួយសម្រាប់ធ្វើការងារមនុស្សធម៌នេះ និងបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។

លោកជំទាវក៏បានសំណូមពរឱ្យ លោក ជេក ម៉េងលី បន្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តមកព្យាបាលនៅខេត្តស្វាយរៀងនៅគម្រោងបន្តបន្ទាប់ទៀត ដើម្បីជាការឆ្លើយតបតាម សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅខេត្ដស្វាយរៀងនេះផងដែរ ។

លោកជំទាវម៉ែន សំអន ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់ផ្តល់ការថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាប្រចាំ ប្រកបដោយគុណភាព និងត្រូវពង្រឹងការផ្តល់សេវាជាប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ក្នុងនោះ ត្រូវពង្រឹងការគោរពក្រមសីលធម៍វិជ្ជាជីវៈឱ្យបានល្អប្រសើរ និងមានឥរិយាបថ រាក់ទាក់ និងទន់ភ្លន់សុភាពរាបសា រាល់ពេលផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយមិនត្រូវ រើសអើង ឬប្រកាន់វណ្ណៈឡើយ គឺធ្វើយ៉ាងណាផ្តល់សេវាព្យាបាលប្រកបដោយគុណភាព​ និងតម្លាភាព៕

ដោយ សួស សំរិត