ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាវាទេសចរណ៍ VIKING OCEAN នាំភ្ញៀវទេសចរជាង ១.០០០នាក់ ចូលចតកំពង់ផែសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នៅព្រឹក ថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នាវាទេសចណ៍បរទេសមួយគ្រឿងឈ្មោះ VIKING OCEAN បាននាំភ្ញៀវទេសចរ ចម្រុះជាតិ សាសន៍ជាង ១.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ ប្រទេសវៀតណាម។


នាវា VIKING OCEAN មានសញ្ជាតិ NORWAY មានបណ្តោយប្រវែង ២២១ម៉ែត្រ ទទឹង ៣៤ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ១.០០០នាក់ ចូលតាមច្រក កំពង់ផែសមុទ្រក្រុងព្រះសីហនុ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ៨៤៣នាក់ ស្រី ៤៤៤នាក់ មាន ១៧សញ្ជាតិ និងមាននាវិកសរុបចំនួន ៤៦៨នាក់ ស្រី ១១១នាក់ មាន ៤៥សញ្ជាតិ។ នាវា VIKING OCEAN បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចេញពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង១១ និង៣០នាទី នាព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នាវាមានគម្រោងចាកចេញពីកំពង់ផែអន្តរ ជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៨ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់ប្រទេស វៀតណាម។


ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ VIKING OCEAN មានច្រើនសញ្ជាតិ ហើយក្នុងចំណោមភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេមានដូចជា សហរដ្ឋអាមេរិក ៦៧៧នាក់ Argenting ៦០នាក់ និងមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមនាវា VIKING OCEAN ធ្វើដំណើរទៅកម្សាន្តបន្តនៅអង្គរ ខេត្តសៀមរាបចំនួន ៨នាក់ ក្នុងនោះស្រី ៦នាក់ មាន ២សញ្ជាតិ។

នៅរដូវវស្សា ការចូលចត របស់នាវាទេសចរណ៍បរទេសមានការថយចុះ ដោយសារជួបនូវព្យុះភ្លៀង ក៏ប៉ុន្តែចាប់ពី ចុងខែវិច្ឆិកា រហូតដល់ខែមេសា នាវាទេសចរណ៍បរទេសនឹងចូលចតនៅ កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុមានការកើនឡើង ព្រោះមិនមានជួបនូវហានិភ័យព្យុះភ្លៀងឡើយ៕

ដោយ ងូ សុមុនី