ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោហ៊ុនសែននឹងនាំគណៈប្រតិភូកម្ពុជាទៅគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានាធិបតីវៀតណាម

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត និង លោក ចន ណារិទ្ធ៖

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយនៅថ្ងៃទី២៥ខែកញ្ញានេះថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ ដើម្បីគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ត្រាន់ ដាយក្វាង អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណៈភាព នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៨។

អមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញនិវត្តន៍មកកម្ពុជាវិញ នៅរសៀលថ្ងៃដដែលនេះ។