ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អង្គភាពច្រកចេញចូលតែមួយខេត្តរតនគិរី ចាប់ផ្តើមដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

អង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តរតនគិរី ចាប់ផ្តើមដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋចាប់ពីពេលនេះតទៅ ប្រកបដោយប្រសិទ្ធភាព ឆាប់រហ័សតាមនីតិវិធី។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងបរិវេណរដ្ឋបាលខេត្ត ដោយជំរុញឲ្យមន្ត្រីនៃអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយសីលធម៌ សុជីវធម៌ រួសរាយ រាក់ទាក់មានស្នាមញញឹម ជាពិសេសការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ឆាប់រហ័សតាមនីតិវិធី ។

ឯកឧត្តម អភិបាលខេត្តរតនគិរី អំពាវនាវឱ្យប្រជាពលរដ្ឋ ដែលធ្លាប់ទទួលសេវាសាធារណៈនៅតាមមន្ទីរជំនាញចំនួន១៤ វិស័យកន្លងមកនោះ ត្រូវមកទទួលសេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្តរតនគិរីវិញ ចាប់ពីពេលនេះតទៅ ដើម្បីប្រសិទ្ធភាពខ្ពស់ និងមានតម្លាភាព។

យោងតាមរបាយការណ៍របស់រដ្ឋបាលសាលាខេត្តរតនគិរី បានបង្ហាញថា អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋមានអង្គភាពចំនួន១៤ ប្រមូលផ្តុំផ្តល់សេវាសរុបចំនួន២៦៩ ក្នុងនោះលើការងារនីត្យានុកូលកម្ម ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យកសិកម្ម វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៕