ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្ត និងមន្ត្រីរាជការក្នុងខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តរាជបូព៌ និង វត្តព្រះព្រហ្មរ័ត្ន

AKP សៀមរាប ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកជំទាវ បានដឹកនាំមន្ត្រី រាជការក្នុងខេត្ត ចូលរួមកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរាជបូព៌ និងវត្តព្រះ ព្រហ្មរ័ត្ន ស្ថិតនៅក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ។


បើតាមឯកសារបានបញ្ជាក់ឱ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំ​មួយក្នុងចំណោមពិធីបុណ្យប្រពៃណី ដ៏ធំផ្សេងៗទៀតរបស់ខ្មែរ ដែលតាំងពីបូរាណកាលមក​រហូតដល់​សម័យបច្ចុប្បន្ននេះ ដែលប្រជាជន ខ្មែរតែងប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខាន ម្តងណាឡើយ លើកលែងតែក្នុងរបបប៉ុល ពត កាន់កាប់តែប៉ុណ្ណោះ។


តាមទំនៀម ពិធីបុណ្យភ្ជុំបិណ្ឌចំនួន១៥ថ្ងៃ គឺចាប់ផ្តើមធ្វើតាំងពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោច ខែភទ្របទ ពីថ្ងៃ១រោចដល់១៤រោច គឺថ្ងៃកាន់បិណ្ឌ ឬថ្ងៃដាក់បិណ្ឌ ហើយថ្ងៃ១៥​រោច គឺថ្ងៃភ្ជុំបិណ្ឌព្រោះថ្ងៃនេះ អ្នកស្រុកតែងមកប្រជុំគ្នា ធ្វើនៅក្នុងវត្តគ្រប់ៗគ្នា។ ចំណែកពីបុរាណ កាល បុណ្យភ្ជុំបិណ្ឌ គឺមានរយៈពេល៣ខែឯណោះ គឺស្របពេលនឹងរដូវចូលវស្សាដែរ ប៉ុន្តែក្រោយមក ដោយប្រជាជនពុទ្ធបរិស័ទ ជាប់មមាញឹកនឹងកិច្ចការរកស៊ីចិញ្ចឹមជីវិតខ្លាំងពេក ទើបគេសម្រេចធ្វើត្រឹម១៥ថ្ងៃនេះវិញ។

ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់សាច់ញាតិសន្ដាន ងអស់ទោះនៅទីជិតឬទីឆ្ងាយ តែង​តែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុក ម្ដាយនៅស្រុក កំណើត ដើម្បីរៀបចំម្ហូបអាហារបាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃគង់នៅវត្តអារាម ដែលទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ ។


ពិធីបុណ្យភ្ជុំបិណ្ឌនេះមានអត្ថន័យ៣យ៉ាង គឺ៖ទី១.ធ្វើឡើងដើម្បីឧទ្ទិសចំពោះមាតាបិតា ជីដូនជីតាញាតិការទាំង៧សន្ដានដែលបានធ្វើមរណៈកាលទៅពិសេសដល់ពពួកប្រេតនរក ទាំងឡាយ ទោះញាតិសន្ដានក្ដី ឬអ្នកដទៃក្ដី។ ទី២.ធ្វើដើម្បីសន្សំកុសលផលបុណ្យ សុំសេច ក្ដីសុខចម្រើន ដែលបានកើតពីផលទានខ្លួនឯង និងទី៣. ធ្វើដើម្បីរួមចំណែកលើកស្ទួយ សាសនាជាតិរបស់ខ្លួន រួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ ពិសេស ដើម្បី បង្កើតនូវសាមគ្គីភាព សាមគ្គីធម៌ ៕

ដោយ ឃុត សៅ