ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្រ្ដីជាន់ខ្ពស់​ការទូតចិន​ អះអាងថា​ កិច្ចសហប្រតិបត្ដិការកម្ពុជា-ចិនមានការកើនឡើងលើ គ្រប់វិស័យក្នុងពេលបច្ចុប្បន្ននេះ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — ឯកអគ្គរដ្ឋ​ទូតនៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំនៅកម្ពុជាដែលចប់អាណត្ដិ ​ឯកឧត្តម ស្យុង​ ប៉​ ​ បានអះអាងថា​ កិច្ចសហប្រតិបត្ដិការរវាងកម្ពុជា-ចិន គឺមានការកើនឡើងលើគ្រប់ វិស័យក្នុងពេលបច្ចុប្បន្ននេះ​។ ជាក់ស្តែងវិស័យសំខាន់ៗ មួយចំនួនមានការរីកចម្រើនគួរឱ្យកត់ សម្គាល់ខ្លាំងដែលក្នុងនោះរួមមាន​ វិស័យពាណិជ្ជកម្ម​ វិស័យសំណង់​ ហេដ្ឋារចនាសម្ព័ន្ធ​ និងវិស័យទេសចរ​ណ៍។

ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ហោ ណាំហុង កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ឯកឧត្តម ស្យុង​ ប៉ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៧​ វិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងជិត ៦.០០០លានដុល្លារ។​ ចំណែកវិស័យវិនិយោគវិញក្នុងរយៈពេល៧ខែ​ ឆ្នាំ២០១៨នេះ​ គឺមាន ចំនួនជាង២.០០០លានដុល្លារ​ ជាពិសេសវិស័យសំណង់​ និងហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តម បានបន្ដថា ចំពោះវិស័យទេសចរណ៍វិញ​ ឃើញថា​ ទេសចរចិនមកលេងកម្ពុជាមានចំនួន កើន១.២លាននាក់ក្នុងឆ្នាំ២០១៧កន្លងទៅនេះ។​

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបន្ថែមថា ចំពោះគោលនយោបាយ​ ផ្លូវមួយ​ ខ្សែក្រវាត់មួយ​ ក៏ត្រូវបានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត​ ដូចជា ការកសាងអាកាសយានដ្ឋានថ្មី​ នៅខេត្ដសៀមរាប​ និងផ្លូវល្បឿនលឿនពីភ្នំពេញ​ ទៅខេត្តព្រះសីហនុជាដើម។

ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ ហោ​ ណាំហុង​ បានបង្ហាញការសាទរ ចំពោះទំនាក់ទំនងរវាងកម្ពុជា​ ចិនដែលបាននិងកំពុងតែបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យក្នុងពេលបច្ចុប្បន្ននេះ។ ឯកឧត្ដមបានលើកឡើងថា ​ ទំនាក់ទំនងកិច្ចសហប្រតិ បត្តិការរវាងកម្ពុជា​ ចិន​ មានទិដ្ឋភាពធំធេងណាស់ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី​ ខ្សែក្រវាត់​ និងផ្លូវ​ មេគង្គ​-ឡាងចាង​ និងអាស៊ាន​ ចិន៕

ដោយ ចាន់ សុធីវង្ស