ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ជំរុញឱ្យស្នងការដ្ឋាននគរបាល​ទូទាំងប្រទេស​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​បន្ថែម​ទៀត​ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌនេះ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — ស្របពេលដែលប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសបាននិងកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ជំរុញ​ឱ្យគ្រប់​​ស្នងការ​រាជធានី​-​ខេត្ត​នៅទូទាំងប្រទេស ត្រូវ​ពង្រឹង​សន្តិសុខ​ ​សណ្តាប់​ធ្នាប់​បន្ថែមទៀត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ជាពិសេស​នៅ​តាម​ទីវត្ត​អារាម​តែម្តង​។

ថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​ក្រោយពិធី​ប្រកាស​​ចូលកាន់​តំណែង​អគ្គ​ស្នងការរង​នគរបាលជាតិ​ថ្មី​ចំនួន​៣​រូប​ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅអគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ឯក ​ឆាយ គឹម​ខឿន ​អគ្គ​ស្នងការរង​នគរបាលជាតិ​ បានបញ្ជាក់ថា​ ​ ឯកឧត្តម ​នាយឧ​ត្ត​ម​សេនីយ៍ នេ​ត ​សាវឿន ​បាន​ណែនាំឱ្យ​ដាក់​ពង្រាយ​កម្លាំង​តាមផ្លូវ​ និង​តាម​ភូមិ​ទាំងអស់ ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ និង​សង្គមជាតិ​ទាំងមូល​ មិន​ថា​នៅ​រាជធានី ​ឬ​ខេត្ត​នោះឡើយ​ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ទន្ទឹមនេះ ​គ្រប់​ស្នងការដ្ឋាននគរបាលរាជធានី ខេត្ដ ​ត្រូវ​ណែនាំ​ដល់​មន្រ្ដី​របស់​ខ្លួនឱ្យប្រកាន់​ភ្ជាប់​នូវ​វិជ្ជាជីវៈ​ជា​នគរបាល​បម្រើ​ប្រជាពលរដ្ឋ​។

ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍​ នេ​ត សាវឿន​ ក៏បាន​ណែនាំ​ជាថ្មីទៀត​ដល់​គ្រប់​ស្នងការ​ដ្ឋាននគរបាលទាំងអស់​ត្រូវ​ខិតខំ​ទប់ស្កាត់​បន្ថែមទៀត​រាល់​បទល្មើស​នានា​ជាពិសេស​អំពើ​ឆក់​ប្លន់ ​ការជួញ​ដូរ​គ្រឿងញៀន​ និង​បទល្មើស​ផ្សេងៗ​ទៀត​ជាដើម​។

ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍​បានបន្ថែមទៀតថា ត្រូវដាក់​កម្លាំង​នៅ​តាម​ផ្លូវ ដើម្បី​ត្រួត ពិនិត្យច្បាប់​ចរាចរណ៍​ ​និង​ត្រួតពិនិត្យ​នូវ​រថយន្ត​ដែល​បាន​ដឹក​សំពីងសំពោង​ ​លើស​ចំណុះ ​ដែលជា​កត្តា​ធ្វើ​ឱ្យមានការ​ប៉ះពាល់​ដល់​សណ្តា​ប់​ធ្នាប់​សាធារណៈ និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើដំណើរ​ផ្សេងទៀត​ផងដែរ​៕

ដោយ ចាន់ សុធីវង្ស