ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញការរៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីក តំបន់ទេសចរណ៍ស្ងប់ស្ងាត់នៅឧទ្យានជាតិក្នុងខេត្តកែប

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — នៅទីស្តីការក្រសួងនាព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីកតំបន់ទេសចរណ៍ ស្ងប់ស្ងាត់នៅឧទ្យានជាតិក្នុងភូមិសាស្រ្ត ខេត្តកែប។

ក្នុងអត្ថបទព័ត៌មានដែលផ្សព្វផ្សាយដោយក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចប្រជុំស្តី ពីការរៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីកតំបន់ទេសចរណ៍ ស្ងប់ស្ងាត់នៅ ឧទ្យានជាតិក្នុងភូមិសាស្រ្ត ខេត្តកែបនេះ មានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង អាជ្ញាធរខេត្តកែប អគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ ដើម្បីពង្រឹង ធ្វើយ៉ាងណាឱ្យរក្សា បាននូវការអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ ដែលពោរពេញទៅដោយសក្តានុពលដ៏សម្បូរ បែបនិងការវិនិយោគសេវាកម្មលើវិស័យទេសចរណ៍ ក៏ដូចជាប្រែក្លាយតំបន់នេះទៅជាតំបន់ ទេសចរណ៍ដ៏ទាក់ទាញបន្ថែមទៀត ការបង្កើនការងារដល់ប្រជាពលរដ្ឋនៅភូមិសាស្រ្ត ខេត្តកែប ឱ្យមាននិរន្តរភាព។

នាឱកាសនោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់ថ្នាក់ ដឹកនាំទទួលបន្ទុកការងារខាងលើ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ទាក់ទងការ អនុវត្តការវិនិយោគសេវាកម្មទេសចរណ៍លើតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីគិតគូរ អំពីបរិស្ថានធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ធ្វើយ៉ាងណាធានាឱ្យបាន នូវនិរន្តរភាពទេសចរណ៍បែបធម្មជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដែរ ចំពោះការប្រគល់តួនាទីនៅក្នុងការគ្រប់គ្រង ក្នុងការងាយស្រួលដល់ការ អនុវត្តការងារនៅក្នុងឧទ្យានជាតិកែប ដោយគិតគូរទាំងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ការសង់អាគារ រីសត ត្រូវចូលរួមនៅក្នុងការ បង់ថ្លៃសេវាកម្មទេសចរណ៍ និងចូលរួមក្នុងវិស័យបរិស្ថាន ពីព្រោះក្នុងភូមិសាស្រ្តខេត្តកែបនេះមានសក្តានុពលស្រាប់ ហើយដូចជា សមុទ្រ កោះ និងឧទ្យានជាតិកែប ដែលជាកន្លែងទេសចរណ៍នៅជាប់ក្រុង ដើម្បីថែរក្សា អភិរក្សឱ្យបាននូវធនធានធម្មជាតិ និងប្រែក្លាយតំបន់នេះទៅជាតំបន់ដែល មានសក្តានុពលបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរទៅលំហែកម្សាន្តដ៏មានប្រជាប្រិយភាព៕

ដោយ ពេជ្រ ណារិទ្ធ