ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចប្រធានរដ្ឋសភាលើកទឹកចិត្តឱ្យសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវខិតខំប្រឹងប្រែងរួមគ្នាលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវខិតខំប្រឹងប្រែងរួមគ្នាលើក ស្ទួយកិត្តិយស និងកិត្យានុភាពជាតិ។នៅក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដឹកនាំ ដោយលោក ស្រ៊ាន គឹមលី ប្រធានប្រតិភូ និងជាប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជាចូលជួបសម្តែងការគួរសម និងទទួលដំបូន្មាន នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ សម្តេចចក្រី ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលនានា ដែលសមាគមសម្រេចបាន ជាពិសេសការរួមចំណែកលើកស្ទួយកិត្យា នុភាពជាតិនៅលើឆាកអន្តរជាតិ ក៏ដូចជាការបណ្តុះបណ្តាលនូវធនធានយុវជន ដែលជាអ្នក បន្តវេននាពេលអនាគត។ សម្តេចសង្ឃឹមថា ក្មួយៗនឹងបន្តពង្រឹង និងពង្រីកនូវភាពជោគជ័យ នេះឱ្យកាន់តែប្រសើរទៀត ជាពិសេសការបន្តពង្រឹង និងពង្រីកចំណងទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក រវាងយុវជនអាស៊ាន និងជាមួយប្រទេសជប៉ុន។

សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា កម្មវិធីនាវាយុវជនលើកទី៤៥ នាឆ្នាំនេះ ជាកម្មវិធីមួយដ៏សំខាន់ ជាពិសេសសម្រាប់កម្ពុជាស្របពេល ដែលកម្ពុជាទើបតែបានរៀបចំ បង្កើតរាជរដ្ឋាភិបាលថ្មី ចេញពីការបោះឆ្នោតសកលដោយសេរី ត្រឹមត្រូវ និងតម្លាភាព ដែលមានអ្នកចូលរួមបោះឆ្នោតរហូតដល់ជាង ៨០ភាគរយ និងមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន២០គណបក្ស នេះបញ្ជាក់ឱ្យឃើញពីការអនុវត្តនូវលទ្ធិប្រជា ធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។

សម្តេចបានបន្តថា ក្មួយត្រូវដឹងថាលទ្ធិប្រជាធិបតេយ្យ មានគោលការណ៍គ្រឹះសំខាន់ របស់វា ដែលក្នុងនោះកត្តាចំបងសំខាន់គឺការបោះឆ្នោតដោយសេរី ដោយមានការប្រកួត ប្រជែងត្រឹមត្រូវ មានតម្លាភាព មានបរិយាកាសបើកទូលាយ និងមានការចូលរួមពីប្រជា ពលរដ្ឋ ដែលមានអាយុគ្រប់បោះឆ្នោតតាមផ្លូវច្បាប់។ ក្មួយៗត្រូវចាំថាមិនមានប្រទេសណា ដែលមានប្រជាធិបតេយ្យល្អឥតខ្ចោះនោះទេ វាអាស្រ័យទៅស្ថានភាពជាក់ស្តែងរបស់ ប្រទេសនីមួយៗ។ សូម្បីតែប្រទេសលោកខាងលិច ដែលតាំងខ្លួនជាបិតាប្រជាធិប តេយ្យនោះក៏នៅមានបញ្ហា ដូចជាការរំលោភសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀតជាច្រើនដែរ។ អ្វីដែលសំខាន់ គឺយើងត្រូវរក្សាឱ្យខាងតែបាននូវតម្លៃនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋយើងឱ្យបានប្រសើរ និងសុខដុមរមនា នាពេលអនាគត។សម្តេចចក្រីប្រធានរដ្ឋសភាបានបញ្ជាក់ទៀតថា ការចូលរួមព្រឹត្តិការណ៍បែបនេះ ជាឱកាសដ៏សំខាន់ និងកម្រដែលក្មួយទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរួមគ្នាលើកស្ទួយកិត្តិយ ស និងកិត្យានុភាពជាតិ។ ក្នុងន័យនេះសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា គឺក្មួយៗត្រូវ សិក្សាឈ្វេងយល់ឱ្យបានច្បាស់ពីប្រវត្តិសាស្រ្តប្រទេសរបស់ខ្លួន និងប្រទេសដទៃ ដើម្បីងាយ ស្រួលក្នុងការអនុវត្តការងារ និងបកស្រាយបា្រប់យុវជនរួមដំណើរ ហើយត្រូវខិតខំសិក្សា ឈ្វេងយល់បន្ថែមទៀតអំពីចំណេះដឹងទូទៅទាក់ទងនឹងស្ថាប័នតំបន់ និងអន្តរជាតិនានា ដែលកម្ពុជាជាសមាជិក ដូចជាអាស៊ាន, អន្តរសភាអាស៊ាន(អាយប៉ា) និងអង្គការអន្តរជាតិ ផ្សេងៗទៀត រួមទំាងអត្ថប្រយោជន៍ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការជាមួយបណ្តា អង្គការទំាងនោះសម្រាប់កម្ពុជា។ ជាមួយនេះត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រពីស្ថាន ភាពរបស់ប្រទស​ដទៃ និងអំពីភាពរីកចម្រើនរបស់ប្រទេសនោះ ដើម្បីពាំនាំនូវចំណុចល្អៗ យកអភិវឌ្ឍន៍ប្រទេស​របស់ខ្លួន។

តាមរបាយការណ៍របស់លោក ស្រ៊ាន គឹមលី ប្រធានប្រតិភូ និងជាប្រធានសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាបានលើកឡើងថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៥ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅរយៈពេល៥២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែតុលារហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ យុវជនកម្ពុជាចំនួន២៩រូបដឹកនាំដោយលោក ណៃ សែមណារ័ត្ន ដែលជាប្រធានប្រតិភូជ្រើសតាំងដោយក្រសួងអប់រំយុវជន និងកីឡា។ ប្រតិភូយុវជនកម្ពុជានឹងចូលរួមជាមួយប្រតិភូយុវជនអាស៊ាន និងជប៉ុនសរុបគ្នាទាំងអស់ ៣៣០រូបនៅលើនាវា NIPPON MARU ធ្វើដំណើរចេញពីប្រទេសជប៉ុនទៅកាន់ប្រទេស៥ ផ្សេងទៀត រួមមានប្រទេសព្រុយណេ ហ្វ៊ីលីពីន ថៃ និងប្រទេសវៀតណាម។

ក្នុងរយៈពេល នៃកម្មវធីប្រតិភូយុវជននឹងរួមគ្នាក្នុងសកម្មភាពជាច្រើនសន្ធឹកសន្ធាប់មានជាអាទិ៍កិច្ចពិភាក្សាប្រធានបទផ្សេងៗទាក់ទងនឹងតំបន់ការបង្ហាញសិល្បៈវប្បធម៌ ការស្នាក់នៅជាមួយ ឳពុកម្តាយធម៌ ទស្សនកិច្ចសិក្សា និងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ ដឹកនាំតាម ប្រទេសទាំងឡាយដែលបានរៀបរាប់ខាងលើ។ តាមរយៈសកម្មភាពទាំងនេះ ប្រតិភូយុវ ជននឹងបានទទួលនូវគុណប្រយោជន៍ ដូចជាការបង្កើននូវការយល់ដឹងទៅវិញ ទៅមកនូវ វប្បធម៌ក្នុងតំបន់ ការលើកកម្ពស់ចំណេះដឹង និងបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំ ការកសាងនូវបណ្តាញទំនាក់ទំនង រវាងយុវជននិងយុវជន និងការជំរុញនូវកិច្ចសហ ប្រតិ បត្តិការអន្តរជាតិ៕

ដោយ ប៉ាល់ សុង